ADB រក្សាការព្យាករថាតំបន់អាស៊ី និងប៉ាស៊ីហ្វិកស្ថិតក្នុងអត្រា ៤,៨% នៅឆ្នាំ២០២៣នេះ!
Posted by -
Phoung Somphors
Published on -
19/7/2023 9:15 PM

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាកររបស់ខ្លួនសម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីនិងប៉ាស៊ីហ្វិកក្នុងអត្រា ៤,៨% នៅឆ្នាំ២០២៣នេះ ដោយសារតម្រូវការក្នុងស្រុកនៅតែបន្តគាំទ្រដល់ការងើបឡើងវិញនៅក្នុងតំបន់។

បើតាមការចេញផ្សាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានឲ្យដឹងដែរថា សម្រាប់ការព្យាករក្នុងតំបន់អាស៊ីអាគ្នេយ៍វិញបានធ្លាក់ចុះមកត្រឹម ៤,៦% នៅឆ្នាំ២០២៣ និង ៤,៩% នៅឆ្នាំ២០២៤ បើធៀបនឹងការប៉ាន់ស្មានកាលពីខែមេសា ៤,៧% សម្រាប់ឆ្នាំ២០២៣ និង ៥% សម្រាប់ឆ្នាំ២០២៤ ។ ចំណែកការព្យាករក្នុងតំបន់ Caucasus និងអាស៊ីកណ្តាលត្រូវបានកែសម្រួលចុះតិចតួចមកត្រឹម ៤,៧% ពី ៤,៤% សម្រាប់ឆ្នាំ២០២៣ និង ៤,៤% ពី ៤,៦% សម្រាប់ឆ្នាំ២០២៤។

ប្រធានសេដ្ឋវិទូរបស់ ADB លោក Albert Park បានលើកឡើងថា តំបន់អាស៊ីនិងប៉ាស៊ីហ្វិកបន្តងើបឡើងពីជំងឺរាតត្បាតក្នុងល្បឿនមួយដែលថេរសកម្មភាព ដោយតម្រូវការ និងសកម្មភាពសេវាកម្មក្នុងស្រុកកំពុងជំរុញកំណើន ខណៈប្រទេសជាច្រើនកំពុងទទួលបានអត្ថប្រយោជន៍ពីការស្ទុះងើបឡើងវិញយ៉ាងរឹងមាំនៃវិស័យទេសចរណ៍។ បើទោះជាយ៉ាងនេះក្តី សកម្មភាពឧស្សាហកម្ម និងការនាំចេញនៅតែទន់ខ្សោយ ហើយការព្យាករសម្រាប់កំណើន និងតម្រូវការសកលនៅឆ្នាំ២០២៤ កាន់តែមានស្ថានភាពមិនល្អ។

បើយោងតាមការព្យាកររបស់ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) នៅខែកក្កដា ឆ្នាំ២០២៣ ដែលចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានឲ្យដឹងដែរថា អតិផរណាត្រូវបានរំពឹងថា នឹងបន្តធ្លាក់ចុះជិតដល់កម្រិតមុនកើតមានជំងឺរាតត្បាត ដោយសារតម្លៃប្រេងឥន្ធនៈ និងអាហារធ្លាក់ចុះ។ ចំណែកអតិផរណាក្នុងតំបន់អាស៊ីកំពុងអភិវឌ្ឍ ត្រូវបានព្យាករថានឹងមាន ៣,៦% នៅឆ្នាំ២០២៣ បើធៀបនឹងការព្យាករ ៤,២% កាលពីខែមេសា។ រីឯការព្យាករអតិផរណា សម្រាប់ឆ្នាំ២០២៤ គឺនឹងកើនឡើងដល់ ៣,៤% ពីការប៉ាន់ស្មាន ៣,៣% កាលពីលើកមុន។

ចំពោះ ការបើកដំណើរការឡើងវិញនៃសាធារណរដ្ឋប្រជាមានិតចិន (PRC) គឺកំពុងជំរុញកំណើនក្នុងតំបន់ ខណៈដែលសេដ្ឋកិច្ចត្រូវបានព្យាករថានឹងកើនឡើង ៥% នៅឆ្នាំ២០២៣ ដូចការព្យាករកាលពីខែមេសា ដោយសារតែមានតម្រូវការក្នុងស្រុកខ្លាំងនៅក្នុងវិស័យសេវាកម្ម។

ទោះជាយ៉ាងណាក៏ដោយ សម្រាប់តម្រូវការនៃការនាំចេញគ្រឿងអេឡិចត្រូនិក និងផលិតផលផ្សេងទៀតរបស់តំបន់អាស៊ីនិងតំបន់កំពុងអភិវឌ្ឍ នៅតែបន្តធ្លាក់ចុះដោយសារការរឹតបន្តឹងរូបិយវត្ថុដែលបន្តជះឥទ្ធិពលលើសកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសធំៗ ដែលមានសេដ្ឋកិច្ចជឿនលឿន។ ចំណែក ការព្យាករកំណើនក្នុងតំបន់វិញសម្រាប់ឆ្នាំ២០២៤ ត្រូវបានកែសម្រួលតិចតួចមកត្រឹម ៤,៧% ពីការប៉ាន់ស្មាន ៤,៨% កាលពីខែមេសា៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236