ក្រសួង នឹងផាកពិន័យក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទណា ដែលមិនបង្កើនគុណភាពសេវា
ភ្នំពេញ៖ អ្នកប្រើប្រាស់អាចវាស់កម្រិតល្បឿនសេវាទូរស័ព្ទចល័តរបស់ខ្លួនបានដោយប្រើប្រាស់កម្មវិធី MPTC Speed Test របស់ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ដែលបានប្រកាសឱ្យប្រើប្រាស់ផ្លូវការនៅថ្ងៃទី២០កក្កដាម្សិលមិញ។ តាមរយៈកម្មវិធីនេះ អ្នកប្រើប្រាស់ក៏អាចដាក់ពាក្យបណ្តឹងបានផងដែរ ក្នុងករណីដែលដឹងថាទូរស័ព្ទរបស់ខ្លួនមិនមានសេវាអ៊ីនធ្វើណិត។ តាមរយៈបណ្តឹងរបស់អ្នកប្រើប្រាស់ បើត្រូវបានរកឃើញដូច្នោះមែនក្រុមហ៊ុនផ្គត់ផ្គងសេវាទូរស័ព្ទចល័តនោះ នឹងត្រូវរងការផាកពិន័យរដ្ឋបាលពីក្រសួង។
«ក្រសួងបានដាក់ឱ្យប្រើប្រាស់កម្មវិធី MPTC Speed Test ដើម្បីឱ្យអ្នកប្រើប្រាស់ទាំងអស់ប្រើទូរស័ព្ទនៅទីណាក៏ដោយ ប្រសិនបើដឹងថា ទូរស័ព្ទរបស់ខ្លួនអត់មានសេវា គឺអាចប្តឹងមកក្រសួងបាន។បន្ទាប់មកក្រសួងនឹងហៅក្រុមហ៊ុនប្រតិបត្តិករផ្គត់ផ្គងសេវាទូរស័ព្ទ មកត្រួតពិនិត្យមើលជាក់ស្តែងថានៅទីតាំងដែលអ្នកប្រើប្រាស់រាយការណ៍នោះពិតជាអត់មានសេវាមែន ឬក៏មាន។ នេះជាខ្លឹមដែលឯកឧត្តមជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលទិន្នន័យជាតិដោយឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ដូច្នេះថា បើចឹងច្បាស់ថាការរាយការណ៍ ឬការដាក់ពាក្យបណ្តឹងរបស់អ្នកប្រើប្រាស់ពិតជាត្រឹមត្រូវមែនក្រុមហ៊ុនផ្គត់ផ្គងសេវាទូរស័ព្ទចល័តនោះ នឹងត្រូវរងការផាកពិន័យរដ្ឋបាលពីក្រសួង។
ទាក់ទិននឹងគុណភាពសេវាទូរស័ព្ទនេះដែរ ឯកឧត្តម ជាវ៉ាន់ដេត បានឱ្យដឹងដែរថា ដើម្បីចាត់វិធានការពង្រឹងគុណភាពសេវាអ៊ីនធ្វើណិតទូរស័ព្ទនេះក្រសួងបានចេញសេចក្តីប្រកាសអំពីគុណភាពសេវា ដោយទុករយៈពេល ៨ខែ ឱ្យក្រុមហ៊ុនបង្កើនគុណភាពសេវាដោយការសាងសង់បង្គោលអង់តែនសេវាទូរស័ព្ទបន្ថែម។ បន្ទាប់ពីនេះ ក្រុមហ៊ុនដែលមិនបង្កើនគុណភាពសេវាបានល្អ ក្រសួងនឹងដាក់វិធានការរដ្ឋបាលដោយការផាពិន័យរួមទាំងវិធានការដាក់ចេញនូវកម្មវិធីវាស់ស្ទង់សេវាផងដែរ។
សូមជម្រាបផងដែរថា កម្មវិធី MPTC Speed Test អាចទាញយកបានតាមរយៈ App Store ឬ Play Store ដោយឥតគិតថ្លៃ។ កម្មវិធីនេះ ងាយស្រួលប្រើនិងបង្ហាញលទ្ធផលច្បាស់លាស់អំពីល្បឿនទាញយក(Download Speed) ល្បឿនបង្ហោះឡើង (Upload Speed) ភាពយឺតយ៉ាវ (Latency) ភាពរំខាន (Jitter) និងកម្រិតគុណភាពនៃការមើលវីដេអូតាមតាមបណ្តាញសង្គមអ៊ីនធើណីតជាដើម។ មិនតែប៉ុណ្ណោះលទ្ធផលនៃការវាស់ស្ទង់របស់អ្នកប្រើប្រាស់នឹងក្លាយជាទិន្នន័យចាំបាច់សម្រាប់យកទៅវិភាគ និងរកដំណោះស្រាយ ដើម្បីពង្រឹងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរ៕