ហាមលក់ដូរនិងផឹកគ្រឿងស្រវឹងនៅមុនថ្ងៃបោះឆ្នោតនិងថ្ងៃបោះឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧
ភ្នំពេញ៖ រាជរដ្ឋាភិបាល ណែនាំឲ្យផ្អាកការលក់ដូរនិងពិសារគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោតនិងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ គឺពីថ្ងៃទី២២ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដោយអនុលោមតាមច្បាប់ បទបញ្ជានិងនីតិវិធិសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងដើម្បីឲ្យដំណើរការបោះឆ្នោតដែលកម្ពុជាបានកំណត់រៀបចំធ្វើនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រព្រឹត្តិទៅដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យនិងគ្មានបាតុភាពនានាដែលអាចកើតឡើង ដោយសារតែការពិសារគ្រឿងស្រវឹង។
បើតាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលកាលពីថ្ងៃទី០២ខែឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថា ការណែនាំឲ្យផ្អាកការលក់ដូរនិងពិសារគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតនេះ ដោយសារតែកន្លងទៅរាជរដ្ឋាភិបាលសង្កេតឃើញថា ការពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ អាចបង្កឲ្យមានអំពើហិង្សាគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម ការប្រព្រឹត្តិល្មើសនានាឬករណីខ្លះអាចបណ្តាលឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈថែមទៀតផង។
ដោយសង្កេតឃើញពីបញ្ហាខាងលើ រាជរដ្ឋាភិបាលបានធ្វើការណែនាំចំនួន៣ចំណុចសំខាន់ៗរួមមាន៖ ទី១. ប្រជាពលរដ្ឋ ជនបរទេស ពាណិជ្ជករនិងអាជីវករទាំងអស់ដែលរស់នៅកម្ពុជា ត្រូវសហការជាមួយរដ្ឋាភិបាលកងកម្លាំងអាវុធគ្រប់ប្រភេទ រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ គ.ជ.បនិងគណៈកម្មាធិការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ត្រូវផ្អាកការលក់ដូរនិងពិសារគ្រឿងស្រវឹង ដើម្បីចូលរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែងការបំភិតបំភ័យ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គមនិងបាតុភាពនានាដែលអាចបណ្តាលមកពីការពិសារគ្រឿងស្រវឹង។
ចំណែក ទី២. ក្រសួង-ស្ថាប័ន កងយោធពលខេមរភូមិន្ទកងនគរបាលជាតិ រួមជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការណែនាំដល់មន្ត្រីរាការក្រោមឱវាទ ឲ្យផ្សព្វផ្សាយនិងអប់រំណែនាំប្រជាពលរដ្ឋនិងជនបរទេសក្នុងមូលដ្ឋានរបស់ខ្លួនឲ្យអនុវត្តការផ្អាកការលក់ដូរ និងពិសារគ្រឿងស្រវឹងដើម្បីចូលរួមធ្វើកិច្ចដំណើរការបោះឆ្នោត ប្រព្រឹត្តិទៅក្នុងបរិយាកាសនយោបាយល្អដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា។ និង ទី៣ក្រសួងព័ត៌មានត្រូវសហការជាមួយ គ.ជ.ប និងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀតដើម្បីធ្វើការផ្សព្វផ្សាយសេចក្តីណែនាំខាងលើ គ្រប់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋនិងឯកជន ជូនប្រជាពលរដ្ឋ ជនបរទេស ពាណិជ្ជករ អាជីវករ មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឲ្យបានយល់និងអនុវត្តឲ្យមានប្រសិទ្ធភាព៕