ក្រសួង កំណត់អាជីវកម្មនាំចូលបារីត្រូវបង់អាករបន្ថែម១០% ចាប់ពីថ្ងៃទី០១ សីហាតទៅ!
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំដល់គ្រប់ម្ចាស់សហគ្រាសដែលប្រកបអាជីវកម្មនាំចូលបារី ឬចែកចាយបន្តបារីនាំចូលទាំងអស់ អំពីនីតិវិធីក្នុងការអនុវត្តអាករលើតម្លៃបន្ថែមចំពោះបារីនាំចូល ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣តទៅ។
បើតាមសេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០២៣នេះ នីតិវិធីនៃការអនុវត្តអាករលើតម្លៃបន្ថែមទាំងនោះរួមមាន៖ ទី១.សហគ្រាស ត្រូវអនុវត្តអាករលើតម្លៃបន្ថែមដូចទំនិញនាំចូលជាប់អាករដទៃទៀត ដោយត្រូវប្រមូលអាករលើតម្លៃបន្ថែមតាមអត្រា ១០% រាល់ការផ្គត់ផ្គង់បារីនៅកម្ពុជា ចំពោះបារីដែលនាំចូលសម្រាប់គោលដៅក្នុងស្រុក។ ដោយឡែក អាករលើតម្លៃបន្ថែមដែលបានបង់នៅពេលនាំចូល ឬទិញក្នុងស្រុក ត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលសម្រាប់កាត់កងជាមួយអាករលើធាតុចេញ។
ចំណែក ទី២. សហគ្រាសត្រូវបានបន្តអនុញ្ញាតឲ្យបង់អាករលើតម្លៃបន្ថែម តែម្តងគត់ នៅពេលនាំចូលជាការស្រេចដូលបានដែលអនុវត្តនាពេលកន្លងមក ចំពោះបារីដែលនាំចូលសម្រាប់គោលដៅនាំចេញ។ និងទី៣សហគ្រាស ត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់អាករស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ការដាក់ចេញនូវការអនុវត្តនីតិវិធីទាំងបីខាងលើ គឺផ្អែកតាមមាត្រា៥៩ មាត្រា៦០ និងមាត្រា៦៦ នៃច្បាប់ស្តីពីសារពើពន្ធ ចុះថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៣ ប្រការ៦០ នៃប្រកាសស្តីពីអាករលើតម្លៃបន្ថែម លេខ១០៣១ ចុះថ្ងៃទី២៤ខែធ្នូ ឆ្នាំ២៩៩៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕