អូស្ត្រាលី ផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា ជាង៨៣,៥លានដុល្លារអូស្ត្រាលី
Posted by -
Phoung Somphors
Published on -
26/7/2023 6:24 AM

ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការប្រមាណ ៨៣,៦លានដុល្លារអូស្ត្រាលី ដល់កម្ពុជា ក្នុងឆ្នាំ២០២៣-២០២៤។ ក្នុងនោះថវិកាប្រមាណ ៤៧,៩លានដុល្លារអូស្ត្រាលី ស្ថិតក្នុងក្របខ័ណ្ឌទ្វេភាគី ចំណែកថវិកាដែលនៅសល់ត្រូវផ្តល់តាមរយៈកម្មវិធីសកលនិងតំបន់។ នេះបើតាមការបញ្ជាក់នៅក្នុងលិខិតរួមថ្មីៗនេះ របស់លោកជំទាវ ផេននី វង្សរដ្ឋមន្ត្រីការបរទេស និងឯកឧត្តម ផាត ខន់រ៉យ រដ្ឋមន្ត្រីអភិវឌ្ឍនន៍អន្តរជាតិ និងប៉ាស៊ីហ្វិកនិងជារដ្ឋមន្ត្រីឧស្សាហកម្មសម្រាប់វិស័យការពារជាតិរបស់អូស្ត្រាលី ដែលផ្ញើជូនឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ជំនួយអភិវឌ្ឍន៍ខាងលើនឹងបន្តគាំទ្រដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ចសង្គមរបស់កម្ពុជាតាមរយៈការបង្កើនការទទួលបាន និងបទដ្ឋាននៃសេវាសាធារណៈការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការជួយសម្រួលដល់កំណែទម្រង់ការវិនិយោគលើវិស័យថែទាំសុខភាព និងការរួមចំណែកបង្កើតប្រព័ន្ធគាំពារសង្គមដែលផ្តោតសំខាន់ជាពិសេសលើស្ត្រី និងជនពិការ។

តាមរយៈជំនួយអភិវឌ្ឍន៍ខាងលើនេះដែរ កម្ពុជាបានថ្លែងអំណរគុណ ចំពោះការបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់អូស្ត្រាលីដល់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បើទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលីរងផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ក៏ដោយ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236