ADB ផ្តល់កម្ចី ៤០លានដុល្លារ គាំទ្រដល់ការកំណែទម្រង់សេវាសាធារណៈនៅកម្ពុជា
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់កម្ចីដោយផ្អែកលើគោលនយោបាយប្រមាណ ៤០លានដុល្លារ ដើម្បីគាំទ្រដល់កម្ពុជា ក្នុងការពង្រឹងបន្ថែមលើការផ្តល់សេវាសាធារណៈដោយរដ្ឋបាលមូលដ្ឋានតាមរយៈកំណែទម្រង់ក្នុងវិស័យហិរញ្ញវត្ថុ និងវិមជ្ឈការ។ កម្ចីនេះស្ថិតក្រោមកម្មវិធីអភិវឌ្ឍន៍វិស័យសេវាសាធារណៈនិងការគ្រប់គ្រងហិរញ្ញវត្ថុដែលបានធ្វើវិមជ្ឈការ។
បើតាមសេចក្តីជូនដំណឹងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ កម្ចីខាងលើនឹងជួយពង្រឹងការធ្វើផែនការនិងការរៀបចំថវិកា ការគ្រប់គ្រងចំណូលចំណាយនិងសមត្ថភាពបុគ្គលិកនៅកម្រិតរដ្ឋបាលមូលដ្ឋានដើម្បីផ្តល់សេវាកម្មឲ្យប្រសើរឡើងក្នុងការលើកកម្ពស់ការធ្វើផែនការរដ្ឋបាលមូលដ្ឋាននិងកែលម្អលទ្ធភាពទទួលបានសេវាសាធារណៈរបស់ប្រជាពលរដ្ឋ។
លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា បានលើកឡើងថាកំណែទម្រង់ និងដំណោះស្រាយឌីជីថល ដែលត្រូវបានអនុវត្តក្នុងកម្មវិធីខាងលើនឹងជួយតម្រង់ផែនការកម្រិតមូលដ្ឋាន ជាមួយនឹងថវិកាជាតិនិងខេត្តសម្រាប់ការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាពនិងសមធម៌ដូចជាការទទួលបាននូវទឹកស្អាត អនាម័យ និងការអបរ់ជាដើម។ វិធានការដែលអនុវត្តក្នុងកម្មវិធីខាងលើក៏នឹងជំរុញការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តក្នុងកម្រិតមូលដ្ឋានបានផងដែរ។
កម្មវិធីអភិវឌ្ឍន៍វិស័យសេវាសាធារណៈនិងការគ្រប់គ្រងហិរញ្ញវត្ថុដែលបានធ្វើវិមជ្ឈការបង្កើតឡើងដោយផ្អែកលើមូលដ្ឋាននៃការគាំទ្ររបស់ ADB លើកំណែទម្រង់វិមជ្ឈការនៅកម្ពុជារួមទាំងការបង្កើតគោលនយោបាយ និងក្របខ័ណ្ឌបទប្បញ្ញត្តិ សម្រាប់ដំណើរការវិមជ្ឈការក៏ដូចជាការគាំទ្រក្នុងការពង្រឹងនិងគ្រប់គ្រងប្រាក់ចំណូលនៅថ្នាក់ក្រោមជាតិ។ក្នុងនោះដែរ ADB ក៏បានជួយបង្កើតការិយាល័យសេវាច្រចេញចូលតែមួយសម្រាប់ការផ្តល់សេវាដែលឆ្លើយតបនឹងតម្រូវការនិងការិយាល័យភ្នាក់ងារស៊ើបអង្កេតបណ្តឹងតវ៉ាដើម្បីត្រួតពិនិត្យភាពប្រសើរឡើងនៃវិសាលភាព និងគុណភាពនៃសេវាកម្មដែលបានផ្តល់។
ជាមួយគ្នានេះ កម្មវិធីអភិវឌ្ឍន៍វិស័យសេវាសាធារណៈនិងការគ្រប់គ្រងហិរញ្ញវត្ថុដែលបានធ្វើវិមជ្ឈការនេះដែរបានផ្តោតលើការសម្របសម្រួលការផ្តល់សេវាដែលឆ្លើយតបនឹងតម្រូវការ ប្រកបដោយគណនេយ្យជាពិសេសនឹងធ្វើឲ្យស៊ីជម្រៅបន្ថែមទៀតនូវកំណែទម្រង់ដែលត្រូវបានអនុម័តក្រោមកម្មវិធីរងទីមួយ ដែលមានគោលបំណងអភិវឌ្ឍជំនាញរដ្ឋបាលសាធារណៈនិងសមត្ថភាពសម្រាប់មន្ត្រីរដ្ឋបាលមូលដ្ឋានតាមរយៈដំណើរការនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន។
ADB ជាដៃគូរបស់កម្ពុជាក្នុងការគាំទ្រកំណែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងវិមជ្ឈការចាប់តាំងពីឆ្នាំ២០០២ដោយសង្កត់ធ្ងន់លើការបន្តគោលនយោបាយដើម្បីធ្វើឲ្យស៊ីជម្រៅទាំងវិធានការវិមជ្ឈការផ្នែករដ្ឋបាលនិងសារពើពន្ធសម្រាប់កែលម្អការផ្តល់សេវាការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ៕