មូលបត្រជួញដូររបស់ អេស៊ីលីដា មានទំហំ១១៦ប៊ីលានរៀលក្នុងត្រីមាសទី២ ឆ្នាំ២០២៣
ភ្នំពេញ៖ ក្នុងត្រីមាសទី២ ឆ្នាំ២០២៣នេះទំហំជួញដូរមូលបត្រសរុបរបស់អតិថិជននៃក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី មានចំនួន ១១៦ប៊ីលានរៀល ស្មើនឹង ៩៤,២៧% នៃទំហំជួញដូរមូលបត្រសរុប ខណៈដែលគណនីជួញដូរថ្មី ដែលក្រុមហ៊ុនទទួលបានមានប្រមាណជិត ១៥០០គណនី។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន ផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ។
តាមរយៈការរីកចម្រើននៃទំហំជួញដូរមូលបត្ររបស់ក្រុមហ៊ុនខាងលើ បានធ្វើឲ្យក្រុមហ៊ុននេះជាប់ជ័យលាភីជាឈ្មួញជើងសាមូលបត្រឆ្នើមក្នុងចំណោមឈ្មួញជើងសាមូលបត្រទាំង១២សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៣ ដោយសារតែក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ីមានភាពសកម្មក្នុងការសហការជាមួយដៃគូនានា រៀបចំព្រឹត្តិការណ៍ដែលមានការចូលរួមពីសាធារណជនជាច្រើននិងបានផ្តល់នូវកម្មវិធីពិសេសដល់អតិថិជនថ្មី ដើម្បីអប់រំ ផ្សព្វផ្សាយនិងជំរុញសកម្មភាពជួញដូរមូលបត្រថែមទៀតផង។
ចំពោះលក្ខខណ្ឌវិនិច្ឆ័យក្នុងការវាយតម្លៃរកអ្នកជាប់ជ័យលាភីជាឈ្មួញជើងសាមូលបត្រឆ្នើមសម្រាប់ឆ្នាំ២០២៣នេះ រួមមាន ១. ទំហំជួញដូរមូលបត្ររបស់អតិថិជនមានចំនួន ៣០ពិន្ទុ។ទី២. ចំនួនគណនីជួញដូរដែលបានបើកថ្មីមានចំនួន ២០ពិន្ទុ។ ទី៣.សកម្មភាពជំរុញការជួញដូរមូលបត្រមានចំនួន ៣០ពិន្ទុ។ និងទី៤កម្មវិធីជំរុញការជួញដូរមូលបត្រមានចំនួន ២០ពិន្ទុផងដែរ។
ការបង្កើតនូវកម្មវិធីឈ្មួញជើងសាមូលបត្រឆ្នើមនេះឡើងមានគោលបំណងស្វែងរកនូវក្រុមហ៊ុនឈ្មួញជើងសាមូលបត្រឆ្នើមប្រចាំត្រីមាសនីមួយៗដែលមានភាពឈានមុខគេ ក្នុងការផ្តល់សេវាកម្មឈ្មួញជើងសាមូលបត្រដល់អតិថិជនរបស់ខ្លួននិងមានការខិតខំប្រឹងប្រែងក្នុងការជំរុញសកម្មភាពជួញដូរក្នុងទីផ្សារ៕