ADB ផ្តល់កម្ចី ១០០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពកម្លាំងពលកម្មនៅកម្ពុជា
Posted by -
Phoung Somphors
Published on -
1/8/2023 11:34 PM

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់កម្ចីប្រមាណ ១០០លានដុល្លារដើម្បីបង្កើនសមត្ថភាពកម្លាំងពលកម្មនៅកម្ពុជា តាមរយៈការដោះស្រាយគម្លាតនិងកង្វះខាតជំនាញ។ កម្ចីនេះ ស្ថិតក្រោមប្រព័ន្ធកំណែទម្រង់និងការវិនិយោគលើវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងមានការចូលរួមពីវិស័យឯកជនផងដែរ។

បើតាម ADB នៅថ្ងៃទី០១ខែសីហា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា កម្ចីខាងលើនឹងប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចឧស្សាហកម្មដែលផ្អែកលើចំណេះដឹងដែលជំរុញដោយបច្ចេកវិទ្យា តាមរយៈការពង្រឹងធនធានមនុស្សដោយផ្តោតទៅលើការលើកកម្ពស់បរិយាកាសអភិវឌ្ឍន៍ជំនាញរបស់កម្ពុជាក្នុងការផ្តល់ការបណ្តុះបណ្តាលប្រកបដោយបរិយាបន្នដែលនាំមុខដោយឧស្សាហកម្មនិងកៀរគរមូលនិធិបន្ថែមសម្រាប់ការអភិវឌ្ឍលើជំនាញដែលផ្តោតលើតម្រូវការ។

លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានលើកឡើងថាការកែទម្រង់កម្លាំងពលកម្ម និងការធ្វើទំនើបកម្មសេដ្ឋកិច្ចកម្ពុជាទាមទារឲ្យមានកំណែទម្រង់ជាបន្តបន្ទាប់នៃប្រព័ន្ធ (TVET) តាមរយៈយុទ្ធសាស្ត្រស៊ីជម្រៅនិងការិនិយោគជាបន្តបន្ទាប់ឲ្យទាន់ពេលវេលា។ ហើយកំណែទម្រង់ទាំងនេះមានសារៈសំខាន់ណាស់សម្រាប់ការរៀបចំកម្មវិធីបណ្តុះបណ្តាលដែលឆ្លើយតបនឹងតម្រូវការទីផ្សារធ្វើឲ្យប្រសើរឡើងនូវទីតាំងនិងឧបករណ៍បណ្តុះបណ្តាល និងពង្រីកមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។

ប្រព័ន្ធកំណែទម្រង់ និងការវិនិយោគលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) កំពុងជួបនូវបញ្ហាប្រឈមសំខាន់ៗចំនួន៣រួមមាន៖ ១.កង្វះកម្មវិធីអភិវឌ្ឍន៍ជំនាញជាក់លាក់និងស៊ីជម្រៅសម្រាប់បដិវត្តន៍ឧស្សាហកម្មទី៤។ទី២. ភាពមានកម្រិតនៃតួនាទីរបស់វិស័យឯកជនក្នុងការអភិវឌ្ឍជំនាញនៃចក្ខុវិស័យអន្តរកម្មរបស់ឧស្សាហកម្មនានា។ និងទី៣ ការផ្តល់ហិរញ្ញប្បទាននិងភាពជាដៃគូមិនទាន់បានពេញលេញក្នុងការអភិវឌ្ឍជំនាញ។ បញ្ហាប្រឈមទាំងនេះនឹងកំណត់ភាពអាចទទួលបានការងារធ្វើនិងផលិតភាពនៃពិពិធកម្មនិងអន្តរកម្មទៅជាសេដ្ឋកិច្ចដែលផ្អែកលើចំណេះដឹង ចំណែក កម្មវិធីជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគតក៏នឹងជួយដោះស្រាយនូវបញ្ហាប្រឈមទាំងនេះបានផងដែរ។

ជាមួយគ្នានេះ ប្រព័ន្ធកំណែទម្រង់ខាងលើគឺជាធាតុផ្សំដ៏សំខាន់នៃការគាំទ្ររបស់ ADB សម្រាប់រដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងធនធានមនុស្ស និងអភិវឌ្ឍវិស័យឯកជន និងទីផ្សារការងារ ដោយផ្អែកតាមផែនការនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍រួមរបស់រដ្ឋក៏ដូចជាយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់ប្រទេសកម្ពុជានៅឆ្នាំ២០១៩-២០២៣។

មនុស្សប្រមាណ ៩លាននាក់កំពុងធ្វើការក្នុងទីផ្សារការងារនៅកម្ពុជា ដែលក្នុងនោះមានស្ត្រី ៤៩%នៃកម្លាំងពលកម្ម ហើយបើគិតត្រឹមឆ្នាំ២០២១ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៥៤%គឺមានអាយុក្រោម ៣០ឆ្នាំទាំងនេះបង្ហាញឲ្យឃើញពីឱកាសពិសេសមួយសម្រាប់កម្ពុជាក្នុងការបង្កើនការវិនិយោគលើការអភិវឌ្ឍធនធានមនុស្សដើម្បីបង្កើនជំនាញសម្រាប់និយោជិតថ្មីចូលទៅក្នុងទីផ្សារគោលនិងលើកកម្ពស់ជំនាញរបស់និយោជិតដែលកំពុងបំពេញការងារទៅតាមតម្រូវការឧស្សាហកម្ម៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236