កម្ពុជា រកចំណូលបានជាង ២.៤លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ ក្នុងកក្កដា ឆ្នាំ២០២៣នេះ
ភ្នំពេញ៖ ក្នុងខែកក្កដា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានប្រមាណ ២ ៤៣៩ ៩២៧ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយមានភ្ញៀវទេសចរសរុបប្រមាណ ៥៣ ៥៩៦នាក់។ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ចំនួនភ្ញៀវទេសចរបរទេសទិញសំបុត្រចូលទស្សនាមានចំនួន ១២៤,៥២% និងរកចំណូលបានប្រមាណ ១៥៦,៧០%។
ដោយឡែកលទ្ធផលនៃការរកចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរបរទេសទិញសំបុត្រចូលទស្សនាប្រមាណ ៤៣៩ ៣៦៥នាក់ រកចំណូលបានចំនួន ២០ ៣១៧ ៣៤៥ដុល្លារ។ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ចំនួនភ្ញៀវទេសចរបរទេសទិញសំបុត្រចូលទស្សនាមានចំនួន ៤២៣,៩៦% និងរកចំណូលបានប្រមាណ ៥០២,៧៩%។
សម្រាប់ចំណូលដែលបានឧបត្ថម្ភទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជាពីចំណែកនៃការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរក្នុងកក្កដា ឆ្នាំ២០២៣ មានចំនួន ១០៧ ១៩២ដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីស្ថិតិភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រចាំខែកក្កដា ឆ្នាំ២០២៣ ដែលចុះផ្សាយដោយគ្រឹះស្ថានអង្គរកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ៕