អគ្គនាយកដ្ឋានពន្ធដារ ឱ្យម្ចាស់ក្រុមហ៊ុនចំនួន៣បន្ថែមទៀត មកដោះស្រាយបំណុលពន្ធជូនរដ្ឋ
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ កោះហៅម្ចាស់ក្រុមហ៊ុនចំនួន៣ ឲ្យចូលដោះស្រាយបំណុលពន្ធជូនរដ្ឋ ដោយមិនឲ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធ និងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។
បើតាមលិខិតចំនួន៣ផ្សេងៗគ្នាផ្ញើទៅកាន់អគ្គនាយកដ្ឋានក្រុមហ៊ុនទាំងនោះ មានដូចជា៖ ១. លោកស្រី ថាំង លីណា អគ្គនាយកក្រុមហ៊ុន ថាំង លីណា។ ទី២. លោក ហួយ សុខហៃ អគ្គនាយកក្រុមហ៊ុន មេន សឹបផ្លាយ សឺវីស (ខេមបូឌា)។ និងទី៣ លោក ឈឹម ច័ន្ទប្រាថ្នា អគ្គនាយកក្រុមហ៊ុន មេហ្គាប្រ៊ីដ (ខេមបូឌា) ឯ.ក។
ក្នុងករណី អគ្គនាយកក្រុមហ៊ុនទាំងបីខាងលើ មិនព្រមចូលខ្លួនដោះស្រាយបំណុលពន្ធជូនរដ្ឋតាមកាលកំណត់ អគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយប្តឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕