៧ខែ ដើមឆ្នាំ២០២៣ កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករបានជាង ៩១៧លានដុល្លារ
Posted by -
Phoung Somphors
Published on -
7/8/2023 3:50 PM

ភ្នំពេញ៖ ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញអង្ករតាមរយៈក្រុមហ៊ុនចំនួន ៥២ក្រុមហ៊ុន បានអង្ករប្រមាណ ៣៦២ ៧០៨តោន និងស្រូវបានប្រមាណ ២ ៤៩៨ ៥៨៦តោន គិតជាទឹកប្រាក់សរុបបានប្រមាណ ៩១៧,៣៧លានដុល្លារ។ នេះបើតាមរបាយការណ៍នាំចេញស្រូវនិងអង្ករសម្រាប់រយៈពេល៧ខែដំបូង ក្នុងឆ្នាំ២០២៣ របស់សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះ។

បើតាមររបាយការណ៍ដដែរ បានឲ្យដឹងថា ការនាំចេញអង្ករទៅកាន់គោលដៅចំនួន៥២ គិតជាទឹកប្រាក់បានចំនួន ២៥៣,៨៦លានដុល្លារ។ ក្នុងនោះការនាំចេញអង្ករទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៥ប្រទស បានចំនួន ១៤១ ៣៩៤តោន គិតជាទឹកប្រាក់ប្រមាណ ១០០,៣១លានដុល្លារ។ ប្រទេសអាស៊ានចំនួន៤ នាំចេញអង្ករបានចំនួន ៣០ ១៧១តោន គិតជាទឹកប្រាក់ប្រមាណ ២០,៥៤លានដុល្លារ។ និងទីផ្សារផ្សេងៗចំនួន ២២គោលដៅនាំចេញអង្ករបានចំនួន ៤៩ ១៩៣តោន គិតជាប្រាក់ប្រមាណ ៤២,៧៤លានដុល្លារ។ ចំណែកប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត នាំចេញអង្ករសរុបបានចំនួន ១៤១ ៩៥០តោន គិតជាទឹកប្រាក់ប្រមាណ ៩០,២៧លានដុល្លារ។

ជាមួយគ្នានេះ កម្ពុជា ក៏បាននាំចេញអង្ករក្រអូបគ្រប់ប្រភេទបានចំនួន ៨២,២៩% អង្ករសគ្រាប់វែងបានចំនួន ១២,៦៣% អង្ករសគ្រាប់ខ្លីបានចំនួន ០,០២% អង្ករចំហ៊ុយបានចំនួន ៣,៣៦% អង្ករសរីរាង្គបានចំនួន ១,៧១% និងបាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងបានចំនួន ២ ៤៩៨ ៥៨៦តោន គិតជាទឹកប្រាក់ប្រមាណ ៦៦៣,៥១លានដុល្លារ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236