ក្រសួងពាណិជ្ជកម្ម ប្រកាសឲ្យសហគ្រិនខ្មែរចូលរួមពិព័រណ៍សិប្បកម្មលើកទី៥៦ និងពិព័រណ៍ដេលីឆ្នាំ២០២៣ នៅឥណ្ឌា
ភ្នំពេញ៖ ក្រុមប្រឹក្សាជំរុញការនាំចេញផលិតផលសិប្បកម្មឥណ្ឌា នឹងរៀបចំពិព័រណ៍សិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ឥណ្ឌាលើកទី៥៦ និងពិព័រណ៍ដេលីឆ្នាំ២០២៣ “The 56th Indian Handicrafts & Gifts Fair (IHGF) Delhi Fair (Autumn) 2023” នាថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ហ្គ្រីតធ័រណយដាឥណ្ឌា តំបន់ដេល្លី ប្រទេសឥណ្ឌា។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ព្រឹត្តិការណ៍ពិព័រណ៍ខាងលើ នឹងបង្ហាញពីជម្រើសដ៏សម្បូរបែប និងទាន់សម័យពីផលិតផលគ្រឿងសង្ហារឹមជាង ២ពាន់មុខ និង ៣០០ម៉ូដ ដែលកំពុងពេញនិយមទៅលើ ១៤ប្រភេទផលិតផលផ្សេងៗគ្នា សម្រាប់ប្រើប្រាស់តុបតែងផ្ទះ ការិយាល័យ សណ្ឋាគារ ភោជនីយដ្ឋាន សាលារៀន និងមានគ្រឿងបរិក្ខាសង្ហារិមផ្សេងៗទៀត ដែលផលិតចេញពីប្លាស្ទិក កាកអំពៅ និងឫស្សី សម្រាប់អ្នកនាំចូល អ្នកលក់ដុំ-រាយ និងអ្នកជំនាញរចនាដែលមកពីបណ្តាប្រទេសផ្សេងៗទៀត។
បណ្តាសហគ្រិន និងសាធារណជនទូទៅ ដែលមានបំណងចង់ចូលរួមព្រឹត្តិការណ៍ខាងលើ សូមចុះឈ្មោះចូលរួមតាមរយៈគេហទំព័រ www.ighfdelhifair.in/rigister ឬទាក់ទងដោយផ្ទាល់ទៅស្ថានទូតឥណ្ឌាប្រចាំនៅភ្នំពេញ តាមរយៈរយៈអាសយដ្ឋានលេខ៥០-៥២ ផ្លូវសម្តេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬតាមរយៈលេខទូរស័ព្ទ ០២៣ ២១០ ៩១២/ ០២៣ ២១០ ៩១៣ ឬអ៊ីម៉ែល៖ hoc.phnompenh@mea.gov.in / admn.phnompenh@mea.gov.in ៕