សមាគមហិរញ្ញវត្ថុពីរ កំពុងពិនិត្យករណីចោទប្រកាន់«ការប៉ុនប៉ងនិងការធ្វើអត្តឃាត» ដោយបង្ខំលើការប្រមូលបំណុលពីមន្ត្រីឥណទាន
ភ្នំពេញ៖ ករណីមានការចោទប្រកាន់លើការដាក់សម្ពាធជ្រុលហួសហេតុពីមន្ត្រីឥណទាននៅក្នុងខេត្តរតនៈគិរីត្រូវបានសមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ចេញសេចក្តីថ្លែងការណ៍ឆ្លើយបំភ្លឺមួយនៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣។
សេចក្តីថ្លែងការណ៍នោះបានសរសេរថា សមាគមទាំងពីរ កំពុងយកចិត្តទុកដាក់ទៅលើការចោទប្រកាន់ទាក់ទងទៅនឹងការធ្វើអត្តឃាតនិងការប៉ុនប៉ងធ្វើអត្តឃាត ដោយសារការបង្ខំលើការប្រមូលបំណុលពីមន្រ្តីឥណទាននៃគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅក្នុងខេត្តរតនៈគិរី។ ករណីការចោទប្រកាន់នេះ សមាគម បានស្នើឱ្យគ្រឹះស្ថាននីមួយៗដែលមានឈ្មោះនៅក្នុងរបាយការណ៍នោះ ធ្វើការត្រួតពិនិត្យឱ្យបានហ្មត់ចត់ទៅលើករណីចោទប្រកាន់ទាំងអស់នោះ។
សមាគមទាំងពីរ បានលើកឡើងថា ដើម្បីធានាបាននូវភាពត្រឹមត្រូវនិង ភាពមិនលម្អៀងលើលទ្ធផលនៃការរកឃើញចំពោះបញ្ហានេះ ចាំបាច់នឹងមានការស៊ើបអង្កេតឯករាជ្យមួយផ្សេងទៀត។ប្រសិនបើ ពិតជាមានការប្រព្រឹត្តិខុសពីសំណាក់គ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិកមែននោះ សមាគមទាំងពីរនឹងគាំទ្រយ៉ាងខ្លាំងក្លាចំពោះចំណាត់ការវិន័យលើគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឬបុគ្គលពាក់ព័ន្ធ។វិធានការដ៏ម៉ឺងម៉ាត់នេះ គឺជាការចាំបាច់ដើម្បីរក្សាកេរ្តិ៍ឈ្មោះនិងទំនុកចិត្តសាធារណជនមកលើប្រព័ន្ធធនាគាររបស់យើង។
សមាគមធនាគារនៅកម្ពុជានិងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមអរគុណចំពោះការយកចិត្តទុកដាក់ពីសំណាក់អង្គការមិនមែនរដ្ឋាភិបាលលើបញ្ហានេះហើយសមាគមទាំងពីរសង្ឃឹមថានៅពេលអនាគត យើងនឹងអាចធ្វើការជាមួយគ្នាប្រកបដោយប្រសិទ្ធភាព ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់៕