រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ស្នើមូលនិធិរូបិយវត្ថុអន្តរជាតិឱ្យបន្តជួយលើកិច្ចការ«គ្រប់គ្រងបំណុលសាធារណៈប្រកបដោយនិរន្ដរភាព»
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្នុំសុំឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ ជួយពិនិត្យឡើងវិញលើក្របខណ្ឌ និងយន្តការនៃការគ្រប់គ្រងបំណុលសាធារណៈប្រកបដោយនិរន្ដរភាព និងគាំទ្រជំនួយបច្ចេកទេសនិងការបណ្ដុះបណ្តាលបន្ថែមដល់មន្ត្រីជំនាញរបស់ក្រសួង។ ការស្នើសុំនេះធ្វើឡើងក្នុងជំនួបជាមួយលោកYasuhisa Ojima ប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជា កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះ។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបជាមួយនឹងលោក Yasuhisa Ojima ប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជា ដែលនឹងត្រូវផុតអាណត្តិក្នុងការបំពេញបេសកកម្មរយៈពេល៤ឆ្នាំនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងអំណរគុណដល់រូបលោកប្រធានស្ថានតំណាង ដែលបានផ្ដល់ការគាំទ្រដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការបន្តតាមដាន និងវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា, ការបណ្តុះបណ្តាលដល់មន្ត្រីជំនាញរបស់ក្រសួង។
លើសពីនេះទៅទៀតនោះ គឺការផ្តល់ជំនួយបច្ចេកទេសដល់អគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួងដូចជា ការពង្រឹងម៉ូដែលព្យាករណ៍សេដ្ឋកិច្ច, ការរៀបចំស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល,ការពិនិត្យឡើងវិញលើច្បាប់ស្តីពីគយ, ព្រមទាំងវិធានការកែទម្រង់របស់រាជរដ្ឋាភិបាលមួយចំនួនទៀតពិសេសការគាំទ្រដល់វិទ្យាស្ថានស្ថិតិក្នុងការរៀបចំ ផ.ស.ស ឆ្នាំគោលថ្មី ជាដើម ។
ទន្ទឹមនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន ក៍បានស្នើសុំឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ ជួយពិនិត្យឡើងវិញលើក្របខណ្ឌ និងយន្តការនៃការគ្រប់គ្រងបំណុលសាធារណៈប្រកបដោយនិរន្ដរភាពព្រមទាំងបន្តគាំទ្រជំនួយបច្ចេកទេស និងការបណ្ដុះបណ្តាលដល់មន្ត្រីជំនាញដើម្បីបន្តអភិវឌ្ឍមូលធនមនុស្ស និងការពង្រឹងសមត្ថភាពស្ថាប័នរបស់ក្រសួង៕
ប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជាYasuhisa Ojima ក៏បានថ្លែងអំណរគុណ ចំពោះកិច្ចសហការយ៉ាងល្អប្រសើរជាមួយក្រសួងនិងអបអរកម្ពុជា ដែលបានគ្រប់គ្រងសេដ្ឋកិច្ចបានល្អទោះបីជាឆ្លងកាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ និងបញ្ហាប្រឈមនានាក្នុងតំបន់និងសកល៕