ក្រុមហ៊ុនចិន ពិនិត្យលិទ្ធភាពវិនិយោគលើការដាំដុះស្មៅចំណីសត្វ, ការចិញ្ចឹមគោនិងជ្រូក នាំទៅទីផ្សារចិន
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម ឌិតទីណា បានពិភក្សាការងារជាមួយនឹងពាណិជ្ជករចិនរបស់ក្រុមហ៊ុន Danong Development Group លើការងារវិនិយោគកសិ-ឧស្សាហកម្ម នៅកម្ពុជានៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣នេះ។
ក្នុងជំនួបប្រជុំនោះក្នុងគោលបំណងជំរុញការបង្កើតកសិដ្ឋានបណ្តុះគ្រាប់ពូជការដាំស្មៅចំណីសត្វ ការចិញ្ចឹមសត្វគោនិងជ្រូក សម្រាប់ការនាំចេញទៅប្រទេសចិន។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ពាណិជ្ជករចិនសិក្សាអំពីសក្តានុពលនៃវិស័យកសិ-ឧស្សាហកម្មកម្ពុជា ខ្សែច្រវាក់នៃការផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃឱ្យបានច្បាស់លាស់ដើម្បីជំរុញទីផ្សារ តម្រង់ទិសការវិនិយោគឱ្យត្រូវទិសដៅ មានប្រសិទ្ធភាពនិងនិរន្តភាព។
បើតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ដែលផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្មភាគីចិន ត្រូវបន្តធ្វើការជាមួយអង្គភាពជំនាញរបស់ក្រសួងសហការធ្វើការឱ្យល្អិតល្អន់ជាមួយគ្នាដើម្បីបង្កើនទំនុកចិត្តជាមុនសិន៕