គយចិន អនុញ្ញាតឲ្យកម្ពុជា នាំចេញជលផលចំនួន៤មុខ ចូលទៅទីផ្សារចិន
Posted by -
Phoung Somphors
Published on -
10/8/2023 9:23 PM

ភ្នំពេញ៖ រដ្ឋបាលគយ នៃប្រទេសចិន បានអនុញ្ញាតឲ្យកម្ពុជានាំចេញជលផលចំនួន ៤មុខ រួមមាន បង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង ចូលទៅទីផ្សារចិន ដោយផ្អែកតាមពាណិជ្ជកម្មប្រពៃណីដែលមានស្រាប់រវាងចិននិងកម្ពុជា ខណៈពេលដែលជលផលកម្ពុជា បានបញ្ចប់នីតិវិធីក្នុងការនាំចេញទៅកាន់ប្រទេសចិនរួចរាល់ហើយ។

បើតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា រដ្ឋបាលគយចិន បានធ្វើបច្ចុប្បន្នភាពអំពីបញ្ជីឈ្មោះប្រទេស ឬតំបន់ និងប្រភេទជលផលដែលអនុញ្ញាតឲ្យនាំចេញទៅកាន់ប្រទេសចិន ហើយក្នុងនោះដែរ មានក្រុមហ៊ុនខ្មែរតែមួយប៉ុណ្ណោះ ដែលមានឈ្មោះថា «Cambodian Tienit International Trading» បានជាប់ដំណាក់កាលនៃការត្រួតពិនិត្យ និងបានបញ្ចប់ការចុះបញ្ជីដាក់របាយការណ៍។

ជាមួយគ្នានេះ ក្រុមហ៊ុនខាងលើ ក៏ជាក្រុមហ៊ុនដំបូងគេ ដែលបានបញ្ចប់ការចុះឈ្មោះដាក់របាយការណ៍ក្នុងការនាំចេញជលផលទៅកាន់ប្រទេសចិនផងដែរ បន្ទាប់ពីចិននិងកម្ពុជា បានចុះហត្ថលេខារួមគ្នាលើ «ពិធីសារលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញជលផលទៅកាន់ប្រទេសចិន»។

ការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា ដដែរ បានបញ្ជាក់ថា ក្រុមហ៊ុនជលផលចិញ្ចឹម ដែលត្រូវបានអនុញ្ញាតឲ្យនាំចេញជលផលទៅចិន បានបញ្ចប់ការចុះបញ្ជីដាក់របាយការណ៍ជាមួយរដ្ឋបាលគយចិន កាលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ ចំណែក ជលផលធម្មជាតិវិញ បានបញ្ចប់ការចុះបញ្ជីជីវសាស្ត្រដាក់របាយការណ៍នៅរដ្ឋបាលគយចិន កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236