ពន្ធដារ កើនរម្លឹកដល់ម្ចាស់អចលនទ្រព្យ ប្រកាសបង់ពន្ធឱ្យបានមុនថ្ងៃទី៣០ កញ្ញខាងមុខ
ភ្នំពេញ៖ ការបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ នឹងត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញាខាងមុខនេះ។ ចំពោះការមិនបានបង់ទាន់ពេលកំណត់ ម្ចាស់អចលនទ្រព្យ នឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាលតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធនៅថ្ងៃទី១១ ខែសីហានេះ។
អគ្គនាយកដ្ឋានពន្ធដារ បានរម្លឹកជាលើកទី២ ដល់ម្ចាស់អចលនទ្រព្យទាំងអស់ដែលមិនទាន់បានបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ការបង់ពន្ធលើអចលនទ្រព្យនិងការបង់ពន្ធលើដីធ្លី មិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ ឱ្យរួសរាន់ទៅបង់ឱ្យបានទាន់ពេលវេលាកំណត់ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ខាងមុខនេះ។ ការជូនដំណឹងនេះ ដោយអគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញមានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទទាំងនេះនៅឡើយ។
ការកើនរម្លឹករបស់អគ្គនាយកដ្ឋានពន្ធដារដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងនូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ប្រាក់ពន្ធនៅថ្ងៃជិតផុតកំណត់។ម្ចាស់អនលនទ្រព្យណាដែលខកខានមិនបានដាក់លិខិតប្រកាសបង់ប្រាក់ពន្ធទាន់ពេលវេលាកំណត់ខាងលើនឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាលតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន៕