អភិបាលខេត្តបាត់ដំបង បង្ហាញសក្តានុពលក្នុងខេត្តដល់អ្នកវិនិយោគចិន
Posted by -
Phoung Somphors
Published on -
11/8/2023 11:47 PM

ភ្នំពេញ៖ អ្នកវិនិយោគមកពីប្រទេសចិនមួយក្រុមបានស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគលើវិស័យនានាក្នុងខេត្តបាត់ដំបង។ ក្រុមអ្នកវិនិយោគចិន ដែលដឹកនាំឱ្យឯកឧត្តម ដួង តារា ជំនួយការផ្ទាល់របស់សម្ដេចនាយករដ្ឋមន្ត្រីកាលពីថ្ងៃ១០ ខែសីហានេះ ជជែកពិភាក្សាជាមួយនឹងអភិបាលខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបង្ហាញពីតំបន់សក្តានុពលដែលផ្តល់ឱកាសធ្វើការនិយោគនៅក្នុងទឹកដីដ៏ល្អផូរផង់មួយនេះដល់ក្រុមប្រតិភូអ្នកវិនិយោគចិនជាពិសេសទាក់ទងនឹងវិស័យកសិកម្ម។ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងពីតម្រូវការជាច្រើនផ្នែកក្នុងវិស័យនេះ ដោយទាមទារឱ្យវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុកចូលរួមមកវិនិយោគ ដូចជា ការកែច្នៃផ្លែឈើការយកផលិតផលកសិកម្មយកទៅកែច្នៃ ដើម្បីធ្វើការលក់ និងនាំចេញទៅក្រៅប្រទេសព្រោះសព្វថ្ងៃនេះផលិតផលកសិកម្មជាច្រើននៅមិនទាន់បានយកមកកែច្នៃអស់លទ្ធភាពនៅឡើយទេ ដែលធ្វើឱ្យផលិតផលទាំងនោះលើសតម្រូវការទីផ្សារបណ្ដាលឱ្យមានការធ្លាក់ថ្លៃចុះ។

ឯកឧត្តម បានបញ្ជាក់ថា ខេត្តបាត់ដំបង ត្រូវបានចាត់ទុកជាខេត្តប៉ូលសេដ្ឋកិច្ចទី៤ នៃប្រទេសកម្ពុជា និងជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្ត ក៏ចាប់ផ្ដើមល្អប្រសើរច្រើនមានផ្លូវអាស៊ានហាយវេ ដែលភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តបន្ទាយមានជ័យតែម្ដងមានផ្លូវរថភ្លើង ដោយឡែកនៅពេលអនាគត។ រាជរដ្ឋាភិបាល ក៏នឹងមានគម្រោងសាងសង់ផ្លូវតភ្ជាប់ពីខេត្តសៀមរាបឆ្ពោះមកខេត្តបាត់ដំបង ផ្ទាល់តែម្ដង ហើយបើសិនជាផ្លូវល្បឿនលឿនពីភ្នំពេញមកសៀមរាប និងផ្លូវពីសៀមរាបមកបាត់ដំបង ចេញរូបរាងនោះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងងាកមកកម្សាន្តខេត្តបាត់ដំបងកាន់តែច្រើនឡើងៗ ហើយខេត្តបាត់ដំបងក៏នឹងក្លាយជាខេត្តទេសចរណ៍ដ៏សំខាន់ផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236