សហព័ន្ធសាយចន្ទីកម្ពុជា ស្នើសុំថិវកាពី USAID ជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ទៅទីផ្សារអន្តរជាតិធំៗ
ភ្នំពេញ៖ សហព័ន្ធស្វាយចន្ទីកម្ពុជា(សចក) កំពុងសហការនិងមានផែនការរៀបចំសំណើសុំហិរញ្ញប្បទានឥតសំណងពីគម្រោង«ហាវែស III នៃទីភ្នាក់ងារជំនួយអាមេរិក USAID» ដើម្បីអនុវត្តគម្រោងយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីផ្សារនាំចេញ។ យទ្ធសាស្រ្តនេះ ជាផែនការយុទ្ធសាស្រ្តបង្កើនការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចប្រកបដោយគុណភាពទៅកាន់ទីផ្សារអន្តរជាតិ ដែលផ្តល់តម្លៃខ្ពស់។
លោក អាន តារា ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជាបានប្រាប់ឱ្យដឹងនៅថ្ងៃទី៨ ខែសីហា ថា សុំហិរញ្ញប្បទានឥតសំណងពីគម្រោងហាវែស III នេះ គឺដើម្បីអនុវត្តគម្រោងយុទ្ធសាស្ត្រនាំស្វាយចន្ទី ទៅទីផ្សាអាមេរិកសហភាពអ៊ឺរ៉ុប ជប៉ុន ប្រទេសនៅបជ្ឈិមបូព៌ា និងជាប្រទេសដែលជាទីផ្សារសក្តានុពលសម្រាប់គ្រាប់ស្វាយចន្ទីខ្មែរក៏ដូចជាទីផ្សារសកល។
លោក អាន តារា បានបញ្ជាក់ថា សហព័ន្ធស្វាយចន្ទីកម្ពុជាត្រូវការសហការនិងជ្រើសរើសក្រុមហ៊ុន សហគ្រាស សិប្បកម្ម ដែលមានលក្ខណៈស្របច្បាប់និងស្តង់ដាររួចរាល់ក្នុងការនាំចេញគ្រាប់ស្វាយចន្ទីខ្មែរទៅទីផ្សារសាកល។ លក្ខណៈនោះមានដូចជា បានចុះបញ្ជីការត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម,វិញ្ញាបនប័ត្រសុវត្ថិភាពចំណីអាហារទទួលស្គាល់ដោយអន្តរជាតិនិងមានលក្ខណៈកែច្នៃគ្រាប់ស្វាយចន្ទីខ្មែរដោយខ្លួនឯងដើម្បីនាំចេញ។ល៕