«បរិយាបន្នហិរញ្ញវត្ថុ» ដើរតួនាទីយ៉ាងដូចម្តេចក្នុងការរួបចំណែកកាត់បន្ថយភាពក្រីក្រ?
ភ្នំពេញ៖ បរិយាបន្នហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ថាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ការបង្រួមគម្លាតសង្គមការបង្កើននវានុវត្តន៍នៅក្នុងសង្គម ដែលជាកាតាលីករយ៉ាងសំខាន់ នៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា។
ក្នុងនោះ ការបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុដល់ប្រជាជនជាពិសេសសហគ្រាសធុនតូច និងមធ្យម នឹងផ្តល់ប្រយោជន៍ជាច្រើនទាំងផ្នែកសង្គមនិងសេដ្ឋកិច្ច ពោលគឺការជួយសម្រួលដល់ជីវភាពរស់នៅ ការផ្ដល់លទ្ធភាពឱ្យមានការសន្សំហិរញ្ញវត្ថុ និងការបង្កើនឱកាសធុរកិច្ច។
ធាតុសំខាន់ទាំងនេះហើយដែលនាំឱ្យប្រជាជនកាន់តែមានលទ្ធភាពច្រើនជាងមុនក្នុងការទទួលបានសេវាចាំបាច់នានា រួមមាន៖ ការលើកកម្ពស់ការអប់រំ សេវាសុខភាព អនាម័យនិងទឹកស្អាត។ ចំពោះ សហគ្រាសធុនតូច និងមធ្យមវិញ ក៏ទទួលបានផលប្រយោជន៍ផងដែរ ដូចជា៖ការបង្កើនលទ្ធភាព វិនិយោគ ការទទួលបានសេវាប្រឹក្សា និងការពង្រីកទីផ្សារ ជាដើម។
ក្នុងបរិការណ៍នេះ យុទ្ធសាស្ត្រជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌជាគោលនយោបាយជាតិ និងជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ ដែលមានផែនការសកម្មភាពគ្រប់ជ្រុងជ្រោយនិងច្បាស់លាស់និងទ្រទ្រង់ដល់ការ អនុវត្តប្រកបដោយប្រសិទ្ធភាពដើម្បីសម្រេចបាននូវប្រព័ន្ធហិរញ្ញវត្ថុមួយមានស្ថិរភាព ប្រសិទ្ធភាព និងពិពិធកម្មទីផ្សារហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន៕