ផែនការចំណូលចំណាយឆ្នាំ២០២៤ របស់ក្រសួងរ៉ែ ត្រូវបានជជែកក្នុងកម្រិតបច្ចេកទេស
ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ នៃក្រសួងរ៉ែនិងថាមពល បានរៀបចំកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៤ សម្រាប់ក្រសួងរបស់ខ្លួន ជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ថ្លែងក្នុងកិច្ចប្រជុំចរចាថវិកា ឯកឧត្តម ឆែលីឌីន អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ កាលពីថ្ងៃទី០៧ ខែសីហានេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ចបានមានប្រសាសន៍ថា ការរៀបចំកញ្ចប់ថវិការបស់ក្រសួងរ៉ែ និងថាមពល សម្រាប់ឆ្នាំ២០២៤ខាងមុខ ផ្អែកលើមូលដ្ឋានសំខាន់ៗចំនួន៣ រួមមាន៖ ការងារអទិភាពពាក់ព័ន្ធវិស័យរបស់ក្រសួងនៅក្នុង«យុទ្ធសាស្រ្តបញ្ចកោណ» ដែលជាយុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាលដែលគ្រោងនឹងដាក់ឱ្យអនុវត្តនាពេលឆាប់ៗខាងមុខ។ កញ្ចប់ថវិកាឆ្នាំ២០២៤ របស់ក្រសួងបានរៀបចំផ្អែកលើសកម្មភាពជាតួនាទីភារកិច្ចរបស់ក្រសួង និងអនុវត្តស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងចំណុចទី៣ ការគ្រោងថវិកាដើម្បីត្រៀមអនុវត្តសកម្មភាពនានាស្របតាមតម្រូវការការងារនាអាណត្តិថ្មីខាងមុខ។
សូមបញ្ជាក់ថា ការរៀបចំគម្រោងផែនការថវិការបស់ក្រសួងរ៉ែនិងថាមពល គឺសម្រាប់អនុវត្តសកម្មភាពការងារ ដើម្បីសម្រេចបាននូវគោលបំណងគោលនយោបាយរបស់ក្រសួងគឺពង្រឹង និងបង្កើនចំណូលឧស្សាហកម្មនិស្សារណកម្ម ពង្រឹងសមត្ថភាព និងសន្តិសុខថាមពលរួមទាំងសន្តិសុខ សុវត្ថិភាពវិទ្យុសកម្ម ដោយឈរលើមូលដ្ឋានសេដ្ឋកិច្ច សង្គមនិងបរិស្ថាន ដោយផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយអនុលោមតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល៕