៣ឆ្នាំក្រសួងទេសចរណ៍ បានបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ជាង៣.៣ពាន់នាក់
ភ្នំពេញ៖ ក្នុងរយៈពេល ៣ឆ្នាំ ក្រសួងទេសចរណ៍បានបណ្តុះបណ្តាលពង្រឹងសមត្ថភាព(Up-Skilling) ដល់អ្នកជំនាញទេសចរណ៍ចំនួន ៣,៣៤៧នាក់ ក្នុងនោះមានស្រី២,០៦៣នាក់។ ការបណ្តុះបណ្តាលក្រសួងទេសចរណ៍ បានសហការជាមួយនិងអង្គការSwisscontact Cambodia លើគម្រោងបណ្តុះបណ្តាលបដិសណ្ឋារកម្ពុជា(Hospitality Kampuchea-HoKa)។
គម្រោងបណ្តុះបណ្តាលការពង្រឹងសមត្ថភាពបន្ថែមដល់អ្នកជំនាញទេសចរណ៍ជាង៣.៣ពាន់នាក់នេះគឺអនុវត្តដោយគណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍និងមន្ទីរទេសចរណ៍ខេត្តគោលដៅចំនួន ១០ខេត្ត។ ក្នុងនោះរួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែងព្រះវិហារ រតនគិរី មណ្ឌលគិរី ពោធិ៍សាត់ បាត់ដំបង់ ប៉ៃលិន បន្ទាយមានជ័យនិងឧត្តរមានជ័យ ដែលបានមួយវិស័យឯកជន សមាគមឧស្សាហកម្មទេសចរណ៍សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងដៃគូរពាក់ព័ន្ធ ក្នុងការផ្តល់វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព(Up-Skilling) នោះ។
តាមរយៈការបណ្តុះបណ្តាលនេះគណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ បានចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជាមួយប្រតិបត្តិករទេសចរណ៍សរុបចំនួន១០៦ អាជីវកម្ម ដែលបានបញ្ជូនបុគ្គលិក អ្នកគ្រប់គ្រងឬម្ចាស់អាជីវកម្មផ្ទាល់មកចូលរៀនវគ្គបណ្តុះបណ្តាលជំនាញ ដើម្បីលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍និងការអភិវឌ្ឍន៍អាជីពការងាររបស់យុវជន។
ជំនាញសំខាន់ៗដែលត្រូវបានបណ្តុះបណ្តាលមានចំនួន៩មុខជំនាញរួមមាន៖ ជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ, ជំនាញការិយាល័យជួរមុខ, ជំនាញគេហកិច្ច,ជំនាញឆុងកាហ្វេ, ជំនាញចុងភៅ,ជំនាញមគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍, គ្រូបង្គោល ហូកា, អ្នកវាយតម្លៃបង្គោលនិងកម្មវិធីហ្វឹកហាត់អាជីវកម្ម (Professional Placement Programme-PIP)៕