«ត្រីពីរ៉ាន់ញ៉ា»ដែលស៊ីសាច់ជាអាហារត្រូវបំផ្លាញ់ចោល ខណៈម្ចាស់អាជីវកម្មធ្វើកិច្ចសន្យាឈប់នាំចូល
Posted by -
Phoung Somphors
Published on -
14/8/2023 4:40 PM

ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្មបានឱ្យម្ចាស់អាជីវកម្មធ្វើកិច្ចសន្យាឈប់នាំចូល និងឱ្យបំផ្លាញចោលត្រីពីរ៉ាន់ញ៉ាជាប្រភេទត្រីកាចសាហាវ និងស៊ីសាច់ជាអាហារ។ ចំណាត់ការនេះធ្វើឡើងក្រោយពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយលើបណ្តាញ TikTok និងហ្វេសប៊ុក អំពីការនាំចូល និងលក់ចែកចាយប្រភេទត្រីពីរ៉ាន់ញ៉ា(Piranha)នេះ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង នៅថ្ងៃទី១៣ ខែសីហានេះ ករណីនាំចូលនិងចែកចាយត្រីប្រភេទពីរ៉ាន់ញ៉ា ដែលវាមានលក្ខណៈកាចសាហាវ និងស៊ីសាច់ជាអាហានោះ ត្រូវបានរដ្ឋបាលជលផល ចុះត្រួតពិនិត្យនិងអនុវត្តច្បាប់ដល់ទីកន្លែងតាំងពីថ្ងៃទី០៦ខែសីហា ឆ្នាំ២០២៣មកម្ល៉េះ។ ម្ចាស់អាជីវកម្មបានធ្វើកិច្ចសន្យាឈប់នាំចូល និងបានបំផ្លាញត្រីនេះតាមវិធានការរបស់រដ្ឋបាលជលផល។

ក្រោយការចាត់វិធានការទានពេលវេលានេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ហាមឱ្យសាធារណជន និងអាជីវករ នាំចូលប្រភេទត្រីពីរ៉ាន់ញ៉ា ឬប្រភេទត្រីផ្សេងទៀត ដែលអាចនាំឱ្យមានផលប៉ះពាល់ដល់ប្រភេទត្រីធម្មជាតិ ក៏ដូចមនុស្សសត្វ និងបរិស្ថាន។ ក្រសួង បញ្ជាក់ថា ករណីដែលប្រជាពលរដ្ឋដឹងអំពីការនាំចូលត្រីពីរ៉ាន់ញ៉ា ឬប្រភេទត្រីកាចសាហាវផ្សេងទៀត យកមកចិញ្ចឹម ឬចិញ្ចឹមលម្អ សូមរាយការណ៍ដល់សមត្ថកិច្ចជំនាញជលផលដើម្បីចាត់វិធានការតាមច្បាប់។ ចំណែក អ្នកដែលកំពុងចិញ្ចឹមប្រភេទត្រីទាំងនេះ ហាមយកទៅលែងក្នុងបឹងធម្មជាតិប៉ុន្តែ ត្រូវប្រគល់ឱ្យរដ្ឋបាលជលផលជាកំហិត៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236