ពន្ធដារ កែសម្រួលអត្រាអាការពិសេសលើភេសជ្ជៈគ្មានជាតិសុរា ដែលផលិតក្នុងស្រុក ចាប់ពីថ្ងៃទី០១ កញ្ញា តទៅ
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារបានប្រាប់ដល់សហគ្រាសផលិតភេសជ្ជៈគ្មានជាតិសុរាទាំងអស់នៅក្នុងស្រុក ចាប់ពីថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០២៣តទៅ នឹងកែសម្រួលអត្រាអាករពិសេសលើភេសជ្ជៈគ្មានជាតិសុរាដែលផលិតនិងផ្គត់ផ្គង់ក្នុងស្រុកដោយកំណត់ចំនួន៣ចំណុច។
បើតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ ការកែសម្រួលអាករពិសេសទាំង៣ចំណុចនោះ រួមមាន៖ ទី១.កំណត់អត្រាអាករពិសេសចំនួន ១៥% លើភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ។ ទី២. កំណត់អត្រាអាករពិសេសចំនួន៥% លើភេសជ្ជៈគ្មានជាតិសុរាមួយចំនួន ដូចជា៖ ភេសជ្ជៈបន្ថែមជាតិទឹកដោះគោដែលឆ្លងកាត់កម្តៅអ៊ុលត្រាខ្ពស់,ទឹកសណ្តែក, ភេសជ្ជៈមានមូលដ្ឋានពីទឹកដូង, ភេសជ្ជៈមានមូលដ្ឋានពីកាហ្វេ ឬភេសជ្ជៈដែលបន្ថែមរស់ជាតិកាហ្វេនិងភេសជ្ជៈគ្មានឧស្ម័នសម្រាប់ពិសាភ្លាមៗដោយពុំចាំបាច់ពង្រាវ។ ចំណែកចំណុចទី៣. កំណត់អត្រាអាករពិសេសចំនួន១០% លើភេសជ្ជៈគ្មានជាតិសុរាក្រៅពីភេសជ្ជៈ ដែលបានកំណត់ក្នុងចំណុចទី១ និងទី២។
មូលដ្ឋានគិតអាករពិសេសនេះត្រូវអនុវត្តស្របតាមខ្លឹមសារប្រកាសលេខ០១២ សហវ.ប្រក ដែលចុះនៅថ្ងៃទី១៤ ខែមករាឆ្នាំ២០២០ ស្តីពីការកែសម្រួលការកំណត់មូលដ្ឋានគិតអាករពិសេសលើមុខទំនិញមួយចំនួន ដែលផលិតក្នុងស្រុកដូចដែលបាននិងកំពុងអនុវត្តនាពេលបច្ចុប្បន្ន៕