«ទម្លាប់សន្សំ»ជួយបានច្រើនយ៉ាងលើសពីការគ្រាន់តែជួយសង្គ្រោះក្នុងគ្រាអាសន្ន!
Posted by -
Phoung Somphors
Published on -
15/8/2023 10:44 PM

ភ្នំពេញ៖ មិនមានបុគ្គលច្រើនទេ ដែលមានទម្លាប់ក្នុងការសន្សំលុយកាក់ហើយរឹតតែតិចជាងនេះទៅទៀត គឺបុគ្គលដែលចេះសន្សំលុយកាក់ ដោយមានផែនការកំណត់ត្រឹមត្រូវនិងច្បាស់លាស់។ផ្ទុយទៅវិញសម្បូរណាស់បុគ្គលដែលចាយលុយដោយមិនមានផែនការ គោលដៅត្រឹមត្រូវពោលគឺចាយតាមទឹកលុយ ចាយចំណង់ចំណូល ហើយខ្លះទៀតថែមទាំងខ្ចីគេចាយផងក៏មាន។

ការសន្សំ គឺលើសពីការសន្សំជាលុយពោលគឺការសន្សំសំចៃទឹកភ្លើង បរិស្ថាន របស់របរប្រើប្រាស់ផ្ទាល់ខ្លួន និងសម្រាប់ក្នុងផ្ទះសម្បែងគ្រឿងផ្សំម្ហូបអាហារ ការទទួលទានអាហារ នំចំណីមិនឱ្យឆ្អែតហួសកម្រិត ឬខ្ចះខ្ចាយ។ល។សុទ្ធតឹងតែអាចរួមចំណែកកាត់បន្ថយចំណាយលុយកាក់តាមរយៈការសន្សំសំចៃដូចការរៀបរាប់។

ការសន្សំសំចៃបែបនេះ គឺលើសពីការសន្សំលុយពោលគឺបានផ្លាស់ប្តូរឥរិយាបថរបស់យើងម្នាក់ៗក្នុងការគិតអំពីលុយ ហើយចាយវាយដោយមានប្រុងប្រ័យត្នមានផែនការនិងខ្ទត់សម្រាប់ចំណាយច្បាស់លាស់ធៀបនឹងចំណូលដែលយើងអាចរកបានសរុបក្នុងមួយខែៗ។ បន្ថែមពីនេះគឺបង្រៀនឱ្យយើងចេះមានភាពអំណត់អត់ធ្មត់ ចេះរង់ចាំពេលវេលា រង់ចាំឱកាសល្អៗក្នុងទិញរបស់អ្វីមួយក្នុងតម្លៃពិសេស។ល។

បើនិយាយចំពោះការមានទម្លាប់ល្អក្នុងការ«សន្សំលុយកាក់»ដោយមានផែនការត្រឹមត្រូវ មានគោលបំណងជាក់លាក់ មានពេលវេលាកំណត់ច្បាស់លាស់ បើទោះជាការសន្សំនោះម្តងបន្តិចក៏ដោយក៏អាចជួយឱ្យយើងបានច្រើនយ៉ាងទៅតាមតម្រូវការនិងផែនការទាំងនោះ ជាពិសេស អាចជួយដោះស្រាយក្នុងគ្រាអាសន្នណាមួយបានភ្លាមៗផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236