កំពង់ស្ពឺ នឹងមានរោងចក្រសហគ្រាសចំនួន២៥បន្ថែមទៀតនៅចុងឆ្នាំ២០២៣នេះ
ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានដឹកនាំប្រតិភូទៅពិភាក្សាការងារ និងពិនិត្យច្រវ៉ាក់ផលិតកម្មតាមបណ្តាសួនឧស្សាហ៍កម្មចំនួន៣នៅខេត្តក្វាងចូវនៃប្រទេសចិន កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ។ ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា សួនឧស្សាហ៍កម្មទាំងនោះ គ្រងនឹងមកបង្កើតរោងច្រកនៅក្នុងខេត្តកំពង់ស្ពឺសរុបចំនួន ២៥ នាចុងឆ្នាំ២០២៣នេះ ដែលនឹងមានតម្រូវការកម្លាំងពលកម្មប្រមាណ ២៣,០០០កន្លែង។
សួនឧស្សាហ៍កម្មដែលប្រតិភូរបស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានជួបពិភាក្សាការងារ និងទស្សនៈកិច្ចផ្ទាល់ រួមមាន៖ ទី១. សួនឧស្សាហ៍កម្ម SITOYGROUP ស្ថិតនៅសង្កាត់ ហូវ ជៀក ក្រុង តុង ហ្គ័ន មាន៤រោចក្រ សហគ្រាសដែលកំពុងផលិតកាបូបម៉ាកយីហោល្បីៗនាំចេញទៅក្រៅប្រទេស។ ម៉ាកយីហោទាំងអស់នេះនឹងទៅបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ ដោយលោក TERAS YEUNG អគ្គនាយកក្រុមហ៊ុនSITOY GROUP បានបញ្ជាក់ថាក្រុមហ៊ុនរបស់លោកប្តេជ្ញាដោយភាពជឿជាក់ នឹងទៅបង្កើតសាខានៅខេត្តកំពង់ស្ពឺ ចំនួន២រោងចក្រ ដើម្បីផលិតកាបូបម៉ាកល្បីៗ ហើយនឹងមានតម្រូវការកម្លាំងពលកម្មជំហានដំបូងចំនួនប្រមាណ៣,០០០កន្លែង។
ទី២. សួនឧស្សាហ៍កម្ម ហុង អ៊ី មាន ៦រោងចក្រសហគ្រាស ដែលមានរោងចក្រ សហគ្រាស ចំនួន៦ កាត់ដេរសម្លៀកបំពាក់នឹងត្រូវទៅបង្កើតនៅខេត្តកំពង់ស្ពឺ ហើយមានតម្រូវការកម្លាំងពលកម្មជំហានដំបូងប្រមាណ ៦,០០០កន្លែង។ ចំណែក ទី៣. សួនឧស្សាហកម្ម ហ្វីចូវ មាន ៤៤រោងចក្រ សហគ្រាសជារោងចក្រផលិតសម្លៀកបំពាក់ និងតម្បាញ, ផលិតស្បែកជើង,គ្រឿងបង្គុំអេឡិកត្រូនិក, ស្រោមទូរស័ព្ទនិងស្គ្រីនទូរស័ព្ទ,ជ្រលក់ព័ណ៌ក្រណាត់។ សួនឧស្សាហកម្ម នេះមានរោងចក្រ សហគ្រាស ១៧នឹងត្រូវទៅបង្កើតនៅខេត្តកំពង់ស្ពឺ ដែលមានតម្រូវការកម្លាំងពលកម្មជំហានដំបូងប្រមាណ១៤,០០០នាក់៕