និយ័តករទូរគមនាគមន៍ បន្ថែមការកំណត់រយៈពេលផ្អាកការហៅចេញនិងត្រូវបញ្ឈប់ដំណើរការ ក្រោយមិនបានបញ្ចូលលុយ
ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក.)ប្រាប់ដល់ក្រុមហ៊ុនប្រតិបត្តករ ឱ្យការកំណត់រយៈពេលនៃការបន្តបើកដំណើរការនិងរក្សាទុកលេខទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ក្រោយពេលផុតសុពលភាព នៃទឹកប្រាក់ក្នុងគណនីគោល និងលក្ខខណ្ឌនៃការកំណត់សុពលភាពនទឹកប្រាក់ក្នុងគណនីគោលនៅពេលអ្នកប្រើប្រាស់បញ្ចូលទឹកប្រាក់។
កន្លងមក និយ័តករទូរគមនាគមន៍កម្ពុជា បានសង្កេតឃើញនិងទទួលបានការតវ៉ាពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទចល័តពាក់ព័ន្ធនឹងការណ៍ ដែលលេខទូរស័ព្ទរបស់ខ្លួនត្រូវបានដកហូតយកទៅលក់ឱ្យអ្នកប្រើប្រាស់ផ្សេងទៀត ដោយសារតែលែងមានទឹកប្រាក់ក្នុងគណនីគោលហើយរយៈពេលនៃការជួនដំណឹង មុនឈានដល់ការដកហូតគឺខ្លីពេក ដែលពួកគាត់ពុំអាចទទួលយកបាន។
ទន្ទឹមនេះ អ្នកប្រើប្រាស់ក៏មានការរអ៊ូរទាំចំពោះការខាតបង់ទឹកប្រាក់ក្នុងគណនីគោល នៅពេលផុតសុពលភាពប្រើប្រាស់ហើយបញ្ចូលទឹកលុយសារជាថ្មី ប៉ុន្តែពុំមានការបូកយោងបន្តទឹកប្រាក់ក្នុងគណនីគោល។ ដើម្បីចៀសវាងនូវបាតុភាពដដែលៗដូចបានរៀបរាប់ខាងលើនិងក្នុងគោលបំណងការពារផលប្រយោជន៍ របស់អ្នកប្រើប្រាស់ និយ័តករទូរគមនាគមន៍កម្ពុជា ណែនាំដល់ប្រតិបត្តិករផ្ដល់សេវាទូរស័ព្ទចល័ត។ទី១. ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តត្រូវកំណត់រយៈពេលនៃការបន្តបើកដំណើរការលេខទូរស័ព្ទ ចល័តរបស់អ្នកប្រើប្រាស់ ក្រោយពេលផុតសុពលភាពនៃទឹកប្រាក់ក្នុងគណនីដោយបែងចែកជា៣ ដំណាក់កាល៖
ដំណាក់កាលទី១៖ ត្រូវកំណត់រយៈពេល ៦០(ហុកសិប) ថ្ងៃសម្រាប់ផ្អាកជាបណ្តោះអាសន្ននូវ ការហៅទូរស័ព្ទចេញ ការផ្ញើសារខ្លី (SMS) ចេញ និងការប្រើប្រាស់ទិន្នន័យ។អ្នកប្រើប្រាស់អាចហៅទូរស័ព្ទចេញទៅកាន់លេខសង្គ្រោះបន្ទាន់ ១១៧ (នគរបាល) ១១៨(រថយន្តពន្លត់អគ្គីភ័យ) និង ១១៩(រថយន្តសង្គ្រោះបន្ទាន់) ដោយឥតគិតថ្លៃ។
ដំណាក់កាលទី២៖ ត្រូវកំណត់រយៈពេល ៣០ (សាមសិប)ថ្ងៃ សម្រាប់ផ្អាកជាបណ្តោះអាសន្ននូវ ការហៅទូរស័ព្ទចេញនិងចូល ការផ្ញើសារខ្លី (SMS) ចេញនិងចូល និងការ ប្រើប្រាស់ទិន្នន័យ។ អ្នកប្រើប្រាស់អាចហៅទូរស័ព្ទចេញទៅកាន់លេខសង្គ្រោះបន្ទាន់ ១១៧ (នគរបាល) ១១៨(រថយន្តពន្លត់អគ្គីភ័យ) និង ១១៩ (រថយន្ត សង្គ្រោះបន្ទាន់)ដោយឥតគិតថ្លៃ
ដំណាក់កាលទី៣៖ត្រូវបញ្ឈប់ដំណើរការនិងបន្តរក្សាទុកលេខទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ ក្នុងរយៈពេល៩០(កៅសិប) ថ្ងៃ។ ក្នុងរយៈពេលនេះ ម្ចាស់លេខទូរស័ព្ទចល័តអាចស្នើសុំឱ្យប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត បើកដំណើរការសាជាថ្មីនូវលេខទូរស័ព្ទចល័ត ដែលត្រូវបានបញ្ឈប់ដំណើរការ។
បន្ទាប់ពីដំណាក់កាលទី១ ដំណាក់កាលទី២និងដំណាក់កាលទី៣ ខាងលើ ប្រតិបត្តិករផ្តល់ សេវាទូរស័ព្ទចល័តអាចដកហូតលេខទូរស័ព្ទចល័តដែលពុំមានការប្រើប្រាស់ និងដាក់លក់ លេខទូរស័ព្ទនោះសាជាថ្មីឡើងវិញ។ ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តត្រូវមានកាតព្វកិច្ចរក្សាទុកកំណត់ត្រានៃអត្តសញ្ញាណរបស់គ្រប់អ្នកចុះឈ្មោះប្រើប្រាស់ទូរស័ព្ទចល័ត(ទាំងអ្នកចាស់និងអ្នកថ្មី)ព្រមទាំងត្រូវកំណត់ លក្ខខណ្ឌពាក់ព័ន្ធនឹងការណែនាំខាងលើនេះ ឱ្យបានច្បាស់លាស់ក្នុងកិច្ចសន្យាជាវសេវា។
ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តត្រូវកំណត់លក្ខខណ្ឌឱ្យមានការបូកយោងបន្តសុពលភាព នៃគណនីគោលនៅពេលអ្នកប្រើប្រាស់បញ្ចូលទឹកប្រាក់ ដោយគិតចាប់ពីសុពលភាពចុងក្រោយនៃទឹកប្រាក់ក្នុងគណនីគោល៕