ចំណូលពន្ធ ធ្លាក់ចុះជាង ២១% ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣​ បើធៀបនឹងឆ្នាំ២០២២
Posted by -
Phoung Somphors
Published on -
18/8/2023 10:19 PM

ភ្នំពេញ៖ ចំណូលពន្ធ-អាករ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាង ៩ពាន់ប៊ីលានរៀល ស្មើនឹងប្រមាណ ២.៣ពាន់លានដុល្លារ ខណៈចំណូលក្នុងខែកក្កដា ប្រមូលបានជិត ១ពាន់ប៊ីលានរៀល ស្មើនឹងប្រមាណជាង ២៤០លានដុល្លារ។នេះបើតាមការឱ្យដឹងរបស់ឯកត្តម គង់ វិបុល អគ្គនាយកនៃនាយកដ្ឋានពន្ធដារក្នុងកិច្ចប្រជុំបូកសរុបចំណូលពន្ធ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ។

ឯកឧត្តម គង់ វិបុល បានឱ្យដឹងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងសម្រាប់រយៈពេល៧ខែ ឆ្នាំ២០២៣ តាមប្រព័ន្ធ Zoom ថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកនិងវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ប៉ះពាល់ដល់បណ្តាប្រទេស ដែលជាប្រភពទុនសម្រាប់វិនិយោគធំៗមកកម្ពុជានិងធ្វើឱ្យមានកំណើននៃអតិផរណា ដែលអាចជាហានិភ័យក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ។ បញ្ហានេះឈានទៅប៉ះពាល់ដល់ចំណូលពន្ធឱ្យបានគ្រប់តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និងពិសេស មូលដ្ឋានក្នុងការព្យាករផែនការសម្រាប់ឆ្នាំបន្ទាប់។

ចំពោះលទ្ធផល នៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ឯកឧត្តមគង់ វិបុល បានបង្ហាញថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលពន្ធដារ ប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់ពន្ធដារមានចំនួន ៩ ៣៦៧,៤៤ ប៊ីលានរៀល ប្រមាណជា ២ ៣១២,៩៥ លានដុល្លារ ស្មើនឹង ៦៤,៧៦% ។

ដោយឡែក សម្រាប់តែក្នុងខែកក្កដា ឆ្នាំ២០២៣ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់ពន្ធដារ មានចំនួន ៩៧៣,៧៦ប៊ីលានរៀល ប្រមាណជា២៤០,៤៣ លានដុល្លារ ស្មើនឹង ៦,៧៣%នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ការប្រមូលបំណុលពន្ធនេះធ្លាក់ចុះ២១,១២% សម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។

ទន្ទឹមនឹងនេះ ឯកត្តម គង់ វិបុល អគ្គនាយនៃអគ្គនាយកដ្ឋានពន្ធដារបានកត់សម្គាល់លើចំណូលតាមសកម្មភាពសំខាន់ៗមួយចំនួន បានថយចុះសម្រាប់រយៈពេល ៧ខែឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ក្នុងនោះ កម្មន្តសាលភេសជ្ជៈឬផលិតភេសជ្ជៈ(ថយចុះ ១១,១៦%) អចលនទ្រព្យ (ថយចុះ ៦,៧៧%) ការសាងសង់ (ថយចុះ ២,៤៤%) ហើយទន្ទឹមនឹងគ្នានោះពន្ធប្រថាប់ត លើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យក៏បាន (ថយចុះ ២៦,៥៦%)។

ទោះជាយ៉ាងណាក្ដី ឯកត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបញ្ជាក់ថា តាមរយៈស្ថានភាពនៃចំណូលពន្ធសម្រាប់រយៈពេល៧ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣អាចនឹងសម្រេចបានគ្រប់តាមផែនការ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236