ការចរចាប្រាក់ខែគោលរបស់កម្មករសម្រាប់ឆ្នាំ២០២៤ បានចាប់ផ្តើមខណៈក្នុងឆ្នាំ២០២៣នេះ ប្រាក់ខែគោលទទួលបាន២០០ដុល្លារ/ខែ
ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣បានបើកកិច្ចប្រជុំពិភាក្សាពីប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌសម្រាប់ឆ្នាំ២០២៤ នៅថ្ងៃទី១៦ ខែសីហានេះ។ ការចូលរួមប្រជុំនោះមាន៣ភាគី ដោយមានតំណាងរដ្ឋាភិបាល សហជីពនិងនិយោជក។ ការជជែកនោះ ភាគទាំងអស់មិនទាន់អាចកំណត់ប្រាក់ខែគោលសម្រាប់ឆ្នាំ២០២៤បាននៅឡើយទេ ខណៈដែលប្រាក់ខែគោលកាលពីឆ្នាំ២០០៣ មានចំនួន២០០ដុល្លារ។
កិច្ចពិភាក្សាពីប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ បានចាប់ផ្តើមប្រជុំនៅទីស្តីការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៦ ខែសីហានេះ ប៉ុន្តែ ភាគីទាំង៣ដែលមានភាគីរាជរដ្ឋាភិបាលភាគីសហជីព និងភាគីនិយោជក នោះមិនទាន់បញ្ចេញតួលេខនៅឡើយទេ។
បើផ្អែកតាមលទ្ធផលព្រមព្រៀងគ្នានៅឆ្នាំ២០២៣នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌមានចំនួន២០០ដុល្លារក្នុងមួយខែ។ប្រសិនបើ បូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែមកម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួលចន្លោះពី ២១៧ ទៅ២២៨ដុល្លារអាម៉េរិកក្នុងមួយខែ។
ទោះយ៉ាងណាលទ្ធផលនៃកិច្ចប្រជុំសម្រាប់កំណត់ប្រាក់ខែគោលនៅឆ្នាំ២០២៤ខាងមុខទទួលបានលទ្ធផលមួយចំនួនជាបណ្តើរៗក្នុងនៅរួមមាន៖ បានប្រកាសជាផ្លូវការសមាសភាពសមាជិកនិងអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សម្រាប់អាណត្តិទី៣ ដោយមានលោកគឹម ចាន់សំណាង ជាអនុប្រធាន តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងឧកញ៉ាបណ្ឌិតណាង សុធី ជាអនុប្រធាន តំណាងអង្គការវិជ្ជាជីវៈរបស់និយោជក។
កិច្ចប្រជុំដដែល ក៏បានធ្វើបទបង្ហាញអំពីស្ថិតិសំខាន់ៗនៃលក្ខណវិនិច្ឆ័យបែបសង្គមនិងសេដ្ឋកិច្ចទាំង៧សម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានប្រើប្រាស់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ផងដែរ។បន្ថែមពីនេះ បានស្តាប់គោលជំហរពីតំណាងភាគីនីមួយៗទៅលើបម្រែបម្រួលលក្ខណវិនិច្ឆ័យបែបសង្គមនិងសេដ្ឋកិច្ច ប៉ុន្តែភាគីតំណាងនិយោជក និងភាគីតំណាងកម្មករនិយោជិតមិនទាន់អាចបញ្ជាក់បាននូវតួលេខដែលជាគោលជំហរផ្លូវការរបស់ខ្លួននៅឡើយដោយស្នើសុំប្រជុំផ្ទៃក្នុងរបស់ខ្លួនបន្ថែមទៀត។
សូមជំរាបផងដែរថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ក៏បានកំណត់កាលបរិច្ឆេទរៀបចំកិច្ចប្រជុំបន្ទាប់នៅព្រឹកថ្ងៃទី២៨ ខែសីហា, ថ្ងៃទី៤, ថ្ងៃទី១១, ថ្ងៃទី១៨,ថ្ងៃទី២៥ ខែកញ្ញា និងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣៕