កម្ពុជា បង្ហាញគោលជំហរដល់ឥណ្ឌូនេស៊ីដែលចង់វិនិយោគលើវិស័យកសិកម្ម នៅកម្ពុជា
ភ្នំពេញ៖ អនុរដ្ឋមន្ដ្រីក្រសួងការបរទេសឥណ្ឌូនេស៊ីនិងរដ្ឋមន្ត្រីក្រសួងកសិកម្មរបស់កម្ពុជា បានចាប់ផ្តើមពិភាក្សាការងារពីគម្រោងវិនិយោគលើវិស័យកសិកម្មនិងការនាំអង្គរពីកម្ពុជា ទៅកាន់ឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ ក្នុងជំនួបនេះរដ្ឋមន្ត្រីក្រសួងកសិកម្ម បានបង្ហាញជំហរដល់ឥណ្ឌូនេស៊ីក្នុងការចង់វិនិយោគលើវិស័យកសិកម្មនៅក្នុងទេសកម្ពុជា។
ក្នុងជំនួបនៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តមអនុរដ្ឋមន្ដ្រីPahalaNugraha Mansury បានលើកឡើងពីសន្តិសុខស្បៀងនៅក្នុងប្រទេសនិងភាពចាំបាច់ក្នុងការស្វែងរកទីផ្សារអង្ករបន្ថែមពីប្រទេសផ្សេងៗដែលក្នុងនោះក៏មានកម្ពុជាផងដែរ ដើម្បីធានាសន្តិសុខស្បៀងសម្រាប់ប្រទេសឥណ្ឌូនេស៊ី។
បន្ថែមពីនេះ ឯកឧត្តមអនុរដ្ឋមន្ដ្រីឥណ្ឌូណេស៊ី បានមានប្រសាសន៍ពីការអារម្មណ៍ក្នុងការវិនិយោគក្នុងផ្នែកខ្លះនៃខ្សែច្រវាក់តម្លៃនៃវិស័យកសិកម្ម ដែលមានដូចជា រោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុកឬហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទីក ព្រមទាំងបង្ហាញក្នុងការវិនិយោគផ្គត់ផ្គង់ជីអុយរ៉េមកកម្ពុជាផងដែរ។
ជាការឆ្លើយតប ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ បានបញ្ជាក់ពីគោលជំហររបស់កម្ពុជា ក្នុងការសម្រួលដល់ការនាំចេញអង្ក ដើម្បីទ្រទ្រង់ដល់សន្តិសុខស្បៀងសម្រាប់ប្រទេសឥណ្ឌូណេស៊ីដោយមានការសហការគាំទ្រពីវិស័យឯកជនកម្ពុជា ដែលមានសហព័ន្ធស្រូវអង្ករជាតួអង្គសំខាន់។ ឯកឧត្តមរដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា កម្ពុជាបើកចំហរជានិច្ចចំពោះឥណ្ឌូនេស៊ី ក្នុងការវិនិយោគក្នុងខ្សែច្រវាក់នៃវិស័យកសិកម្មរបស់កម្ពុជានិងជួយជ្រោមជ្រែងឱ្យដំណើរការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារឥណ្ឌូនេស៊ី ប្រកបដោយប្រសិទ្ធភាពខ្ពស់៕