ឥណ្ឌូណេស៊ី សម្រេចទិញអង្ករ ១២ម៉ឺនតោន ពីកម្ពុជា ដើម្បីផ្គង់ផ្គងក្នុងប្រទេស
ភ្នំពេញ៖ ឥណ្ឌូនេស៊ី សម្រេចបញ្ជាទិញអង្ករពីកម្ពុជាជាង១២ម៉ឺនតោន ដើម្បីរក្សាបាននូវសុវត្ថិភាពស្បៀង និងការប្រើប្រាស់ក្នុងប្រទេស ខណៈតម្លៃ និងលក្ខខណ្ឌផ្សេងៗ ភាគីទាំងនឹងបន្តពិភាក្សាគ្នាឆាប់ៗបន្តទៀត។នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណីជ្ជកម្ម កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។
ឥណ្ឌូណេស៊ីបានឯកភាពទិញអង្ករពីកម្ពុជាក្នុងបរិមាណ ១២៥ ០០០តោន ក្នុងនោះអង្ករ សបរិមាណ១០០០០០តោន ដោយប្រើប្រាស់យន្តការ ក្រុមហ៊ុនBulog និងក្រុមហ៊ុនហ្រ្គីនត្រេដ និងបរិមាណ ២៥ ០០០តោនទៀត ជាប្រភេទអង្ករប្រណិត ដោយអនុវត្តរវាងក្រុមហ៊ុន ID Food និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា CRF។ ចំពោះតម្លៃ និងលក្ខខណ្ឌ័ផ្សេងទៀត ភាគីទាំងពីរនិងបន្តពិភាក្សាគ្នាក្នុងពេលឆាប់ៗខាងមុខនេះ។ ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីអនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ីជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងកសិកម្មនិងជួបរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា ទាក់ទងនឹងគោលការបញ្ជាទិញអង្គរនេះ។
ជាមួយគ្នានេះ កម្ពុជា និងឥណ្ឌូណេស៊ី ក៏បានឯកភាពគ្នាឱ្យមានការរៀបចំឡើងវិញនូវអនុស្សារណនៃការយោគយល់ស្តីពីការធ្វើពាណិជ្ជកម្មអង្កររវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ីក្នុងបរិមាណអង្កររហូតដល់ ២៥០ ០០០តោនក្នុងរយៈពេលមួយឆ្នាំ សម្រាប់សុពលភាព៤ឆ្នាំ។ព្រមទាំអឯកភាពគ្នាលើការបង្កើតនូវយន្តការដើម្បីងាយស្រួលក្នុងការទំនាក់ទំនង និងសម្របសម្រួលក្នុងកិច្ចការពាណិជ្ជកម្មអង្ករផងដែរ៕