សភាពាណិជ្ជកម្មថៃ បន្តសិក្សាពីសក្តានុពលពាណិជ្ជកម្មវិនិយោគ និងរកដៃគូអាជីវកម្មនៅកម្ពុជា
Posted by -
Phoung Somphors
Published on -
18/8/2023 10:19 PM

ភ្នំពេញ៖ សភាពាណិជ្ជកម្មថៃ បានមកសិក្សាស្វែងយល់បន្ថែមទៀតពីសក្តានុពលពាណិជ្ជកម្មវិនិយោគ និងស្វែងរកដៃគូអាជីវកម្មនៅកម្ពុជា ដូចកាលពីឆ្នាំ២០២២ដែរ។

គោលបំណងនៃដំណើរទស្សនកិច្ចនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយនឹងឯកឧត្តមប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ លោក Voratat Tantimongkolsuk តំណាងសភាពាណិជ្ជកម្មថៃ បានឱ្យដឹងពីគោលដៅនៃដំណើរទស្សនកិច្ចសិក្សានោះរួមានតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខេត្តកោះកុង និងខេត្តព្រះសីហនុ។ លើសពីនេះក្រុមប្រឹក្សាវិនិយោគថៃក៏បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីជួយនិងជំរុញវិស័យវិនិយោគរវាងប្រទេសទាំងពីរផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិបានប្រាប់ទៅសភាពាណិជ្ជកម្មថៃអំពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះព្រមទាំងបានទាក់ទាញអ្នកវិនិយោគយ៉ាងច្រើន ជាពិសេសប្រទេសចិន ជប៉ុន កូរ៉េសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស រដ្ឋសមាជិកអាស៊ាន និងប្រទេសថៃ ជាដើម។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏សូមស្វាគមន៍ចំពោះអ្នកជំនួញដែលមកស្វែងយល់ពីឱកាសអាជីវកម្មនៅកម្ពុជា ដើម្បីផ្លាស់ប្តូរទស្សនៈអាជីវកម្មនិងឱកាសវិនិយោគ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់សភាពាណិជ្ជកម្មថៃថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ធុរជនថៃមកធ្វើការបណ្តាក់ទុននៅកម្ពុជា ដើម្បីផលប្រយោជន៍ទៅវិញទៅមក។

គួរបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃនៅឆ្នាំ២០២២ មានទំហំទឹកប្រាក់ជាង ៤.៦ ពាន់លានដុល្លារអាមេរិកដែលក្នុងនោះកម្ពុជានាំចេញទៅថៃមានទំហំទឹកប្រាក់ជាង ៤០៩ លានដុល្លារអាមេរិកនិងថៃនាំចេញ មកកម្ពុជាវិញមានទំហំទឹកប្រាក់ ៣ ៨៣២ លានដុល្លារអាមេរិក។សម្រាប់រយៈពេល៦ខែឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃមានទំហំទឹកប្រាក់ជាង ១.៩ ពាន់លានដុល្លារអាមេរិក៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236