ក្រសួងប្រៃសណីយ៍ ប្រាប់គន្លឹះទប់ស្កាត់ពីការលួច (Hack) ចូលទូរស័ព្ទពេលប្រើប្រាស់ Wi-Fi សាធារណៈ
ភ្នំពេញ៖ កម្ពុជាឆ្ពោះទៅឌីជីថល ដែលជាមជ្ឈមណ្ឌលប្រមូលផ្តុំបណ្តាធនធាន និងបចេ្ចកវិទ្យាឌីជីថល របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចែករំលែកពីគន្លឹះសុវត្ថិភាពក្នុងការប្រើប្រាស់WiFiសាធារណៈ ដែលនៅតាមទីតាំងមួយចំនួនបើកចូលប្រើប្រាស់ប្រព័ន្ធ WiFi ដោយមិនចាំបាច់ដាក់លេខសម្ងាត់ (Password)។ ការប្រើប្រាស់តាមមធ្យោបាយនេះ គឺអាចបង្កជាហានីភ័យដល់អ្នកប្រើប្រាស់ដោយជនខិលខូចអាចលួចចូលមើលទិន្ន័យនៅក្នុងកុំព្យូទ័រឬទូរស័ព្ទដែលយើងបានជាប់ជាមួយនឹង WiFi នោះ។ ខាងក្រោមនេះជាគន្លឹះមួយចំនួនដែល«កម្ពុជាឆ្ពោះទៅឌីជីថល» បានចែករំលែកដើម្បីការសុវត្ថិភាពរបស់អ្នកប្រើប្រាស់ចំនួនពីរចំណុច៖
ចំណុចទី១ គឺអ្វីត្រូវធ្វើ៖ ប្រើបណ្តាញឯកជនិម្មិត(VPN), ប្រើប្រាស់ប្រព័ន្ធបណ្តាញសុវត្ថិភាព Firewallដើម្បីការពារនឹងមេរោគ, កំណត់នូវមុខងារការផ្ទៀងផ្ទាត់ពីរជាន់ (2FA) សម្រាប់គណនីអនឡាញរបស់អ្នក, ចូលប្រើតែគេហទំព័រដែលមាន HTTPS នៅពេលបញ្ចូលព័ត៌មានសំខាន់ផ្ទាល់ខ្លួនណាមួយ និងធ្វើបច្ចុប្បន្នភាព (Update) ជាប្រចាំនូវប្រព័ន្ធប្រតិបត្តិការ (OS) និងកម្មវិធី(App)។
ចំណែក ចំណុចទី២ គឺអ្វីដែលមិនត្រូវធ្វើ៖ភ្ជាប់ទៅបណ្តាញ WiFi សាធារណៈដោយមិនមានឈ្មោះឬប្រភពច្បាស់លាស់, ចូលប្រើគេហទំព័រដែលទាមទារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដូចជាគណីធនាគារ ឬអ៊ីម៉ែលជាដើម, ភ្ជាប់ទៅ WiFi ដែលពុំមានកំណត់លេខសម្ងាត់ការពារនិងបើកមុខងារភ្ជាប់បណ្តាញ WiFi ដោយស្វ័យប្រវត្តិ និងបិទមុខងារចែករំលែកឯកសារ(File sharing)៕