«ច្បាប់ស្តីពីវិនិយោគ»បង្កើតឡើងដើម្បីអ្វី? ផ្តល់ប្រយោជន៍ដល់វិនិយោគិនដូចម្តេច?
Posted by -
Phoung Somphors
Published on -
21/8/2023 10:33 PM

ភ្នំពេញ៖ ច្បាប់ស្តីពីការវិនិយោគ ត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណជាមុនបាន ដើម្បីទាក់ទាញ និងលើកកម្ពស់គុណភាពប្រសិទ្ធភាព និងប្រសិទ្ធផល នៃការវិនិយោគ ដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេស ក្នុងប្រទេសកម្ពុជា។ ច្បាប់វិនិយោគនេះ ត្រូវបានកម្ពុជា អនុម័តកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។

សម្រាប់ច្បាប់ស្តីពីការវិនិយោគនេះមានវិសាលភាពអុវត្តចំពោះរាល់គម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហៅកាត់ថា«គ.ល.គ»។ចំពោះ គម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហៅកាត់ថា«គ.ព.គ.ល.គ»។ ចំណែក គម្រោងវិនិយោគដែលទទួលបានត្រឹមតែការធានាលើការវិនិយោគ ហៅកាត់ថា«គ.ធ.វ» ដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឬនៅអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត។

ខាងក្រោមនេះ គឺជាវិសាលភាពអនុវត្តចំពោះគម្រោងវិនិយោគនៅកម្ពុជាតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការពិនិត្យនិងសម្រេចការងារនីតិសម្បទាអភិវឌ្ឍន៍ និងការវិនិយោគលើវិស័យឯកជន និងសាធារណៈ ដែល«ឫទ្ធិពល»ធ្លាប់បានចុះផ្សាយអត្ថបទអំពី៖«ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»គឺជាអ្វី និងបង្កើតឡើងដើម្បីអ្វី?» រួចមកហើយ។ដូច្នេះ វិសាលភាពអនុវត្តចំពោះគម្រោង«គ.ល.គ» គឺសំដៅដល់គម្រោងវិនិយោគ ដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីពីCDC ឬអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត។

ចំពោះ «គ.ព.គ.ល.គ» គឺសំដៅដល់ការពង្រីកនៃ«គ.ល.ក» ដែលធ្វើឡើងតាមរូបភាពណាមួយមានជាអាទិ៍ ការពង្រីកផលិតកម្មដែលមានស្រាប់ការពង្រីកតាមរយៈការធ្វើពិពិធកម្មមុខសញ្ញាផលិតកម្ម ដែលស្ថិតក្នុងសែស្រាឡាយផលិតផលជាមួយគ្នាការពង្រីកតាមរយៈការបំពាក់បច្ចេកវិទ្យាទំនើបថ្មី ដែលលើកកម្ពស់ផលិតភាពឬការពារបរិស្ថាន ការពង្រីកហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យសេវាទូរគមនាគមន៍មូលដ្ឋានឬការពង្រីកក្រោមរូបភាពផ្សេងទៀតដែលនឹងត្រូវកំណត់ដោយអនុក្រឹត្យ។

ចំណែក វិសាលភាពអនុវត្តចំពោះគម្រោង«គ.ធ.វ» វិញ សំដៅដល់គម្រោងវិនិយោគ ដែលបានចុះបញ្ជីនៅ CDC ឬនៅអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្តដោយមានបញ្ជាក់ច្បាស់ថាជា»គ.ធ.វ» ប៉ុន្តែ ពុំទទួលបានការលើកទឹកចិត្តផ្នែកសារពើពន្ធឡើយ។

ប្រភព៖ ឯកសារសេចក្តីសង្ខេបពិសេសស្តីពី«ច្បាប់ស្តីពីវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»ដែលបានអនុម័តកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236