ឱកាសសម្រាប់សហគ្រិនស្ត្រីវ័យក្មេង ចូលរួមក្នុងការពង្រឹងបណ្តាញប្រព័ន្ធអេកូឡូស៊ីក្នុងអាជីវកម្ម
ភ្នំពេញ៖ វេទិកា«សហគ្រិនស្រ្តីក្នុងការអភិវឌ្ឍអាជីវកម្មនិងពិព័រណ៍ពាណិជ្ជកម្មក្នុងស្រុក» នឹងរៀបចំធ្វើរយពេល២ថ្ងៃចាប់ពីថ្ងៃទី១-២ ខែកញ្ញា ខាងមុខនេះ នៅ Factory Phnom Penh។ គោលបំណងនៃវេទិការនោះ ដើម្បីពង្រឹងបណ្តាញប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិនស្ត្រីវ័យក្មេងក្នុងការទទួលបានព័ត៌មាន និងអាចឱ្យពួកគេមានការពិភាក្សាលើដំណោះស្រាយផ្ទាល់ខ្លួនកាន់តែស៊ីជម្រៅ។
វេទិកា«សហគ្រិនស្រ្តីក្នុងការអភិវឌ្ឍអាជីវកម្មនិងពិព័រណ៍ពាណិជ្ជកម្មក្នុងស្រុក» រៀបចំដោយ ទីភ្នាក់ងារ USAID អង្គការ PACT និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC) នៅថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ដែលមានកម្មវិធីសំខាន់ៗមួយចំនួនដូចជា ការចុះបញ្ជីពាណិជ្ជកម្មដែលផ្តល់ជាវេទិកាសម្រាប់សហគ្រិនស្រ្តីក្នុងការពិភាក្សា និងសិក្សាស្វែងយល់អំពីដំណើរក៏ដូចជាសារសំខាន់នៃការចុះបញ្ជីពាណិជ្ជកម្ម, ការប្រឹក្សាអំពីបញ្ហាអាជីវកម្មដែលអនុញ្ញាតឲ្យសហគ្រិនស្រ្តីលើកយកបញ្ហាប្រឈមនានាអំឡុងពេលធ្វើអាជីកម្មទៅពិភាក្សាផ្ទាល់ជាមួយអ្នកជំនាញ។
បន្ថែមពីនេះ វេទិកាដែលការដាក់តាំងពិព័រណ៍ផលិតផលជាង២០០ ស្តង់របស់សហគ្រិនស្រ្តីផងនោះ ក៏នឹងពិភាក្សាអំពីប្រធានបទចម្បងៗដូចជា៖លទ្ធភាពក្នុងការទទួលបានចំណែកទីផ្សារ លទ្ធភាពក្នុងការទទួលបានហរិញ្ញប្បទានលទ្ធភាពក្នុងការទទួលបានព័ត៌មានផ្នែកច្បាប់ ស្តីពី ការចុះបញ្ជីអាជីវកម្មនិងលទ្ធភាពក្នុងការទទួលបានព័ត៌មានដែលទាក់ទងនឹងការទទួលបានការគាំពារសង្គមសម្រាប់អាជីវករផងដែរ។តំណភ្ជាប់ចុះឈ្មោះចូលរួមកម្មវិធីឱ្យបានមុនថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ៖ https://bit.ly/WEAct5thForum-Registration-Form៕