«បច្ចេកវិទ្យាហិរញ្ញវត្ថុ»ជួយសម្រួលដល់ការប្រើប្រាស់ និងការរស់នៅប្រចាំថ្ងៃ...!
ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ«បច្ចេកវិទ្យាហិរញ្ញវត្ថុ» បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញបរិយាន្នហិរញ្ញវត្ថុដោយបង្កជាភាពងាយស្រួលក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រចាំថ្ងៃព្រមទាំងសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ។តើបច្ចេកវិទ្យាហិរញ្ញវត្ថុ គឺជាអ្វី? មានអត្ថន័យដូចម្តេច?
«បច្ចេកវិទ្យាហិរញ្ញវត្ថុ» ដែលភាសាអង់គ្លេសហៅថា “Financial Technology” ឬសរសេរកាត់ជា “FinTech” សំដៅដល់បដិវត្តន៍សេវាកម្មហិរញ្ញវត្ថុតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មី និងនវានុវត្តន៍លើវិស័យហិរញ្ញវត្ថុ ដើម្បីបង្កើនប្រសិទ្ធភាពសេវាហិរញ្ញវត្ថុដល់អ្នកប្រើប្រាស់។ «ការរីកចម្រើននៃបច្ចេកវិទ្យា» នោះរួមមាន៖ ទូរស័ព្ទឆ្លាតវៃ, ប្រព័ន្ធអ៊ីនធឺណេត,បច្ចេកវិទ្យាប្លុកឆែន(Blockchain), បញ្ញានិមិត្ត(Artificial Intelligence), ឃ្លាំងទិន្នន័យ (Data Storage), ការវិភាគទិន្នន័យ(Data Analytic) និងបច្ចេកវិទ្យាជីវមាត្រ(Biometric Technology) ព្រមទាំងបច្ចេកវិទ្យាជាច្រើនទៀតផ្សេងទៀតដែលអាចសម្រួលដល់ការត្រួតពិនិត្យផ្សេងៗជំរុញឱ្យរីកចម្រើនក្នុង«វិស័យហិរញ្ញវត្ថុ» នោះត្រូវបានទទួលស្គាល់ជាទូទៅថាជា«បច្ចេកវិទ្យាហិរញ្ញវត្ថុ(FinTech)»។
«បច្ចេកវិទ្យាហិរញ្ញវត្ថុ»នៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនបង្គួរនៅក្នុងវិស័យមួយចំនួន ដូចជា៖ប្រព័ន្ធទូទាត់, ការផ្ទេរប្រាក់ឆ្លងដែន និងការផ្ដល់ឥណទាន ខណៈវិស័យផ្សេងទៀត មានការលូតលាស់តិចតួចនៅឡើយ។បច្ចេកវិទ្យាហិរញ្ញវត្ថុនេះ បានរួមចំណែកប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់សម្រួលដល់ប្រតិបត្តិការផ្ទេរប្រាក់ទូទាត់ក្នុងសកម្មភាពទិញលក់ទំនិញនិងសេវា និងការជួញដូរក្នុងទីផ្សារហិរញ្ញវត្ថុ និងបានដោះស្រាយបញ្ហាគម្លាតទីផ្សារដែលកើតមានឡើងនៅពេលស្ថាប័នហិរញ្ញវត្ថុ ដែលមិនអាចផ្គត់ផ្គង់សេវាកម្មតាមតម្រូវការរបស់អ្នកប្រើប្រាស់តាមរយៈតម្រូវការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុដែលមានប្រសិទ្ធភាពទៅដល់អ្នកប្រើប្រាស់ជាដើម។
បន្ថែមពីនេះ ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុព្រមទាំងបានរួមចំណែកចំណាយថ្លៃដើម ល្បឿន សុវត្ថិភាពនិងតម្លាភាពការជំរុញលទ្ធភាពក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុ ក៏ដូចជាការជំរុញឱ្យមានបរិវត្តន៍(Transformation)នៃសេវាកម្មហិរញ្ញវត្ថុផងដែរ។
ក្រៅពីការផ្តល់អត្ថប្រយោជន៍យ៉ាងសម្បូរបែបដែលអ្នកប្រើប្រាស់ទទួលបានវាក៏មានហានីភ័យមួយចំនួនផងដែរទាំងទងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុនេះនិងការប្រើប្រាស់មិនបានត្រឹមដោយសារតែការយល់ដឹងរបស់អ្នកប្រើប្រាស់នៅមានកម្រិតឬយល់មិនច្បាស់អំពីវាជាដើម៕