ដើម្បីស្នើសុំចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញអ្នកជាប់ពន្ធអនិវាសនជន ត្រូវមាននីតិវិធីអ្វីខ្លះ?
Posted by -
Phoung Somphors
Published on -
23/8/2023 11:03 PM

ភ្នំពេញ៖ ដើម្បីស្នើសុំចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ អ្នកជាប់ពន្ធអនិវាសនជនដែលតម្រូវឲ្យមកចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញានៅកម្ពុជា ត្រូវបំពេញព័ត៌មានតាមទម្រង់ពាក្យស្នើសុំចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញា(NR-76) និងឯកសារតម្រូវចំនួន៥។

ចំពោះ ឯកសារតម្រូវទាំង ៥ នោះរួមមាន៖ ១.វិញ្ញាបនបនបត្របញ្ជាក់ការចុះបញ្ជីរបស់អ្នកជាប់ពន្ធអនិវាសនជន។ ទី២.ឯកសារបញ្ជាក់អត្តសញ្ញាណដែលមានសុពលភាពរបស់ម្ចាស់ឬអ្នកតំណាង (អត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែន)។ ទី៣. រូបថតបច្ចុប្បន្នមិនលើសពីរយៈពេលបីខែ ដែលមានទំហំ ៣៥ X ៤៥ មីល្លីម៉ែត្រ និងមានផ្ទៃខាងក្រោយពណ៌សចំនួន ០២សន្លឹក របស់នាយកឬអ្នកតំណាង។

ចំណែក ទី៤.លិខិតបញ្ជាក់ព័ត៌មានគណនីធនាគាររបស់អ្នកជាប់ពន្ធអនិវាសនជនដែលចេញដោយឬបោះពុម្ពចេញពីប្រព័ន្ធធនាគាររបស់អ្នកជាប់ពន្ធអនិវាសនជន។ និងទី៥បង់ថ្លៃដាក់ពាក្យស្នើសុំចំនួន ៤០០ ០០០រៀល (ប្រមាណ ១០០ដុល្លារ)។

គួរបញ្ជាក់ផងដែរថា អាករលើតម្លៃបន្ថែមជាប្រភេទពន្ធប្រយោលដែលរាជរដ្ឋាភិបាលកំណត់លើទំនិញឬសេវាដែលអតិថិជនប្រើប្រាស់រាល់ថ្ងៃ។ ចំណែក អ្នកជាប់ពន្ធអនិវាសជន សំដៅដល់បុគ្គលណាមួយដែលមិនមែនជាអ្នកជាប់ពន្ធនិវាសនជននិងទទួលចំណូលពីប្រភពកម្ពុជា។ និង អ្នកជាប់ពន្ធនិវាសនជនសំដៅដល់រូបវន្តបុគ្គលដែលមាននិវាសនដ្ឋាន ឬមានកន្លែងស្នាក់នៅជាគោលដើមនៅកម្ពុជាឬដែលមានវត្តមាននៅកម្ពុជាលើសពី ១៨២ថ្ងៃ នៅក្នុងរយៈពេល ១២ខែណាមួយដែលបានបញ្ចប់ក្នុងឆ្នាំសារពើពន្ធ៕

ប្រភព៖ កម្រងសំណួរដែលសួរជាញឹកញាប់ស្តីពី«ការអនុវត្តអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក»

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236