CDC អនុម័តឲ្យក្រុមហ៊ុនចំនួន១៣ បោះទុនជិត៤២៦លានដុល្លារ ដើម្បីបង្កើតរោងចក្រនៅរាជធានី-ខេត្តចំនួន៦
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន១៣ បោះទុនវិនិយោគប្រមាណ ៤២៥,៩លានដុល្លារ ដើម្បីបង្កើតរោងចក្រនៅរាជធានី-ខេត្តចំនួន៦ ដែលអាចបង្កើតការងារបានជាង ២ម៉ឺន៣ពាន់នាក់។
បើតាម CDC នៅថ្ងៃទី២៥ខែសីហា ឆ្នាំ២០២៣នេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៤ដើម្បីបង្កើតរោងចក្រនៅរាជធានីភ្នំពេញដូចគ្នា។ មានក្រុមហ៊ុន Khou Tower Co.,Ltd បោះទុនចំនួន ៨៤,៥លានដុល្លារគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ២៣៧បន្ទប់ដែលស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស (៩៣) កែងផ្លូវលេខ៨៨ និងលេខ៧៥ ភូមិ៩សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងអាចបង្កើតការងារបានប្រមាណ ៨៥៥កន្លែង។រីឯ ក្រុមហ៊ុន Artiverse (Cambodia) Co., Ltd បោះទុនប្រមាណ៥,៦លានដុល្លារ គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារដែលស្ថិតនៅភូមិសំរោងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញដែលអាចបង្កើតការងារបានចំនួន ២០៨៦កន្លែង។
ចំណែក ក្រុមហ៊ុន AL Jazeelan Food PTE.Ltd បោះទុនចំនួន ៥,៦លានដុល្លារគម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ដែលស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងអាចបង្កើតការងារបានប្រមាណ ១២៥កន្លែង។ និង ក្រុមហ៊ុន KunboStyle Apparel Co., Ltd បោះទុនចំនួន ៥,២លានដុល្លារគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលស្ថិតនៅភូមម័ល សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ និងអាចបង្កើតការងារបានប្រមាណ ២០៤១នាក់។
ជាមួយគ្នានេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន ៣ទៀតផងដែរដើម្បីបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ។ មានក្រុមហ៊ុន ConchKT Cement (Phnom Penh) Company Limited បោះទុនប្រមាណ២៥៨លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍ ដែលស្ថិតនៅភូមិមនោរម្យឃុំហោមសំណង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលអាចបង្កើតការងារបានចំនួន ៤៦៨កន្លែង។
រីឯ ក្រុមហ៊ុន Nengli HardwarePlastic Products Co., Ltd បោះទុនចំនួន ១០,៧លានដុល្លារគម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ (ធ្នើ កន្ត្រក...) ពីដែក និងប្លាស្ទិកដែលស្ថិតនៅភូមសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺនិងអាចបង្កើតការងារបានប្រមាណ ៤៨៧០កន្លែង។ និង ក្រុមហ៊ុន KH Best FaithManufacturing (Cambodia) Co., Ltd បោះទុនប្រមាណ ៥,៣លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតកាបូប និងសានូគ្រប់ប្រភេទ ដែលស្ថិតនៅភូមិសណ្តុលឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលអាចបង្កើតការងារបានចំនួន ១៩៣១កន្លែង។
នៅថ្ងៃទី២៥ ខែសីហា ដដែរនេះគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៣បន្ថែមទៀត ដើម្បីបង្កើតរោងចក្រនៅខេត្តកណ្តាល។ មាន ក្រុមហ៊ុន Evergreat(Cambodia) Shoes Co., Ltd បោះទុនចំនួន ៦,១លានដុល្លារគម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ដែលស្ថិតនៅភូមិចំការស្លែង ឃុំព្រៃពួចស្រុកអង្គស្នួល ខេត្តកណ្តាល និងអាចបង្កើតការងារបានប្រមាណ ១២៦០កន្លែង។
ចំណែក ក្រុមហ៊ុន Jun Bo Sheng ShoeMaterial Co., Ltd បោះទុនប្រមាណ ៥,៦លានដុល្លារគម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលស្ថិតនៅផ្លូវលំ ភូមិអណ្តូងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលអាចបង្កើតការងារបានចំនួន ៣៦៨កន្លែង។ និងក្រុមហ៊ុន Smart Packaging (Cambodia) Co., Ltd បោះទុនចំនួន៥,៤លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតកេសកាតុងដែលស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាលនិងអាចបង្កើតការងារបានប្រមាណ ៣១០កន្លែង។
ចំពោះ ក្រុមហ៊ុនចំនួន ៣ទៀតក៏ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនផងដែរដើម្បីបង្កើតរោងចក្រនៅបណ្តាខេត្តចំនួន ៣ផ្សេងៗគ្នា។ មាន ក្រុមហ៊ុន RightUnion International Co., Ltd បោះទុនប្រមាណ ២០,៥លានដុល្លារ គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលស្ថិតនៅភូមិតាសែន ឃុំសូទិបស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលអាចបង្កើតការងារបានចំនួន ៤៨៧០កន្លែង។
រីឯ ក្រុមហ៊ុន Polestar (Cambodia)Garment Co., Ltd បោះទុនប្រមាណ ៨លានដុល្លារគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្នាមព្រះឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលអាចបង្កើតការងារបានចំនួន ២៥៩១កន្លែង។និង ក្រុមហ៊ុន Menature Outdoor (Cambodia) Co., Ltd បោះទុនប្រមាណ ៥,២លានដុល្លារគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្ពានពោធិ៍ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលអាចបង្កើតការងារបានចំនួន១៤៨១នាក់៕