នាយករដ្ឋមន្ត្រី ស្នើសហភាពអឺរ៉ុបឱ្យបន្តផ្តល់ហិរញ្ញប្បទាន សម្រួលដល់ការធ្វើពាណិជ្ជកម្មនាំចេញរបស់កម្ពុជា
Posted by -
Phoung Somphors
Published on -
20/9/2023 10:25 PM

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានស្នើដល់សហភាពអឺរ៉ុបបន្តពិចារណាគាំទ្រ និងផ្តល់ហិរញ្ញប្បទានលើ«កម្មវិធីសូចនាករពហុឆ្នាំ២០២១-២០២៧ ដំណាក់កាលទី២» បន្ថែមទៀត ដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការនាំចេញរបស់កម្ពុជាឆ្ពោះទៅកាន់ទីផ្សារសហភាពអឺរ៉ុប។

សំណើនេះ ធ្វើឡើងក្នុងជំនួបរវាងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជានៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព។

ឯកឧត្តមបណ្ឌិតក៏បានលើកឡើងអំពីនិរន្តរភាពនៃគោលនយោបាយនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលបន្តចាប់តាំងពីការដាក់ចេញយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្តចតុកោណទាំង ៤ដំណាក់កាល ដោយផ្តោតជាពិសេសបំផុតទៅលើការកសាងមូលធនមនុស្ស, ការកែទម្រង់វិស័យសុខាភិបាលនៅថ្នាក់មូលដ្ឋាន, និងការកែទម្រង់វិស័យមុខងារសាធារណៈជាដើម។

ក្នុងជំនួបខាងលើ ថ្នាក់ដឹកនាំទាំងពីរ ក៏បានប្តេជ្ញាបន្តជំរុញនិងពង្រីកទិសដៅកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យអប់រំនិងការអភិវឌ្ឍធនធានមនុស្ស, វិស័យសុខាភិបាលនិងមុខងារសាធារណៈ ដែលជាកិច្ចការសំខាន់និងចាំបាច់ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្ដល់សេវាសាធារណៈ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236