នាយករដ្ឋមន្ត្រី ស្នើដល់កូរ៉េខាងត្បូង ឱ្យជំរុញការវិនិយោគនៅកម្ពុជាជាពិសេសលើវិស័យកសិកម្ម
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានស្នើភាគីកូរ៉េជំរុញការវិនិយោគមកកម្ពុជាជាពិសេសនៅក្នុងវិស័យកសិកម្ម ដែលសម្រាប់បម្រើឱ្យការនាំចេញ។ ការស្នើសុំនេះក្នុងជំនួបដែលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាជួបពិភាក្សាការងារជាមួយឯកឧត្តម ឆុង វ៉ាងគឺន រដ្ឋមន្រ្តីកសិកម្ម, ស្បៀង និងកិច្ចការជនបទនៃប្រទេសកូរ៉េ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នៅវិមានសន្តិភាព។
ក្នុងជំនួបនោះ ឯកឧត្តម ឆុង វ៉ាងគឺនរដ្ឋមន្រ្តីកសិកម្ម, ស្បៀង និងកិច្ចការជនបទកូរ៉េបានគូសបញ្ជាក់អំពីភាពជាដៃគូដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរទាំងក្នុងន័យកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការបន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានផ្សារភ្ជាប់ឡើងវិញចាប់ពីចុងទសវត្សរ៍៩០។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីកសិកម្ម, ស្បៀង និងកិច្ចការជនបទ នៃប្រទេសកូរ៉េខាងត្បូង បានលើកឡើងពីសក្តានុពលដ៏ធំធេងរបស់កម្ពុជាដូចជាកត្តាធនធានធម្មជាតិ កត្តាប្រជាសាស្រ្ត និងជាពិសេស ការដឹកនាំរបស់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិតដែលនឹងធ្វើឱ្យវិស័យកសិកម្ម ក៏ដូចជាវិស័យសំខាន់ៗដទៃទៀតផងដែរ៕