កម្ពុជា និងទីម័រខាងកើត នឹងជំរុញ«ពាណិជ្ជកម្មអង្ករ»រវាងប្រទេសទាំងពីរឱ្យបានពេញលេញ!
ភ្នំពេញ៖ កម្ពុជា និងទីម័រខាងកើត បានផ្លាស់ប្តូរយោបល់លើការងារកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគីកម្រិតតំបន់ និងសកល នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះខណៈដែលទីម័រខាងកើត នឹងជំរុញពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីរឱ្យបានពេញលេញផងដែរ
ក្នុងជំនួបជាមួយឯកឧត្តម FranciscoKalbuadi Lay ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថាន នៃប្រទេសទីម័រខាងកើត លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជំរុញឱ្យភាគីទីម័រខាងកើត អនុវត្តអនុស្សារណៈនៃការយោគយល់គ្នាស្តីពីពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីរឱ្យមានប្រសិទ្ធភាពខ្ពស់និងលើកទឹកចិត្តឱ្យមានការជួបប្រជុំគ្នារវាងវិស័យឯកជននៃប្រទេសទាំងពីរសំដៅជំរុញកំណើនពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី តាមរយៈការនាំចូលទំនិញកសិផលនិងទំនិញសក្តានុពលរបស់កម្ពុជាបន្ថែមទៀត។
ឆ្លើយតបនឹងលោកជំទាវរដ្ឋមន្ត្រីពាណិជ្ជកម្មរបស់កម្ពុជារដ្ឋាភិបាលទីម័រខាងកើត បានប្តេជ្ញាក្នុងការជំរុញឱ្យអនុវត្តអនុស្សារណៈនៃការយោគយល់គ្នាស្តីពីពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីរឱ្យបានពេញលេញនិងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម Francisco Kalbuadi Lay បានបញ្ជាក់ថា ទីម័រខាងកើតនឹងជំរុញឱ្យមានជំនួបរវាងវិស័យឯកជននៃប្រទេសទាំងពីរ តាមរយៈការរៀបចំផែនការរៀបចំវេទិកាសេដ្ឋកិច្ចនាពេលដ៏ខ្លីខាងមុខនេះដោយនឹងអញ្ជើញកម្ពុជា និងប្រទេសជាសមាជិកអាស៊ាន ចូលរួមផងដែរ។
កម្ពុជា និងទីម័រខាងកើត ក៏បង្ហាញការប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យមានការរីកចម្រើនបន្ថែមទៀតជាពិសេសលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មផងដែរ៕