ភ្នំពេញ, តាកែវ និងកំពង់ស្ពឺ មានក្រុមហ៊ុនចំនួន១០ បោះទីតាំងវិនិយោគក្នុងទំហំទឹកប្រាក់ជិត ៦០លានដុល្លារ
Posted by -
Phoung Somphors
Published on -
30/8/2023 11:38 PM

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចផ្តល់វិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន១០ ដែលបានស្នើសុំវិនិយោគបង្កើតរោងចក្រនៅក្នុងរាជធានី-ខេត្តគោលដៅចំនួន៣ មានដើមទុនសរុប៥៩.៨លានដុល្លារ។នេះបើតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី៣០ ខែសីហាឆ្នាំ២០២៣នេះ ដោយគម្រោងបង្កើតរោងចក្រទាំងនេះ នឹងផ្តល់ឱកាសការងារដល់កម្ពុជាជិត១ម៉ឺន២ពាន់នាក់។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថាក្នុងចំណោមក្រុមហ៊ុនទាំង១០នេះ នៅរាជធានីភ្នំពេញមានចំនួន៣ក្រុមហ៊ុន ដែលវិនិយោគលើវិស័យវេយណភណ្ឌកាត់ដេរនិងសម្ភារវេចខ្ចប់។ ក្នុងនោះរួមមាន៖ ទី១. ក្រុមហ៊ុន CHERISHINDUSTRIAL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់និងសម្ភារៈសម្រាប់ពិធីបុណ្យផ្សេងៗ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១០៦ក្រុម១៦ ផ្លូវទំបន់ថ្មីបឹងទំពុន ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញក្នុងទុនវិនិយោគប្រមាណ ៦,១លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ២.០៤០កន្លែង។ ទី២. ក្រុមហ៊ុន CPAK GARMENT(CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ១.៣៩១កន្លែង។ ទី៣. ក្រុមហ៊ុន RALLY PACKAGING(CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រសម្ភារៈវេចខ្ចប់គ្រប់ប្រភេទពីប្លាស្ទិកដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ៣០០កន្លែង។

ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុនដែលបោះទីតាំងនៅក្នុងខេត្តតាកែវមានចំនួន៣ ដែលវិនិយោគលើវិស័យវេយណភណ្ឌកាត់ដេរ ដោយមានទី១. ក្រុមហ៊ុន SUNNYJET HOSIERY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រចាក់ ប៉ាក់កាត់ដេរសម្លៀកបំពាក់ ស្រោមដៃ ស្រោមជើង មួក និងកន្សែងបង់កដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវក្នុងទុនវិនិយោគប្រមាណ ៦,២លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ១.៦៤១កន្លែង។ ទី២. ក្រុមហ៊ុន VENT DEST PHNOMPENH CLOTHING CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកណ្តឹងតូចឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៦,២លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ១.៩៥៨កន្លែង។ ទី២. ក្រុមហ៊ុន SUNRUN (CAMBODIA)GARMENTS FACTORY CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅក្បាលដីលេខ២៧៥, លេខ២៨៤ និងលេខ២៨៥ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧៦៤កន្លែង។

ចំណែកឯ ខេត្តកំពុងស្ពឺមានក្រុមហ៊ុនចំនួន៤ ដែលបង្កើតរោងចក្រផលិតនិងផ្គុំដំឡើងឧបករណ៍ជាង, សម្ភារបរិក្ខាអគ្គិសនី និងរោងចក្រផលិតស្បែកជើង។ក្រុមហ៊ុនទាំងនោះរួមមាន៖ ទី១. ក្រុមហ៊ុន LAMUES TECHNOLOGY CO., LTD” គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង អំពូលភ្លើង អំពូលភ្លើងលម្អនិងសម្ភារបរិក្ខាអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៨,៦លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ៦៧៦កន្លែង។ ទី២. ក្រុមហ៊ុន WOQILI POWERTECHNOLOGY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើងនិងបង្គោលអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនីស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៦លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ១៤៦កន្លែង។ ទី៣. ក្រុមហ៊ុន YOU JUST FOOTWEAR(CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើងដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកាន់តម្រា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ១.៥៣៨កន្លែង។ ទី៤. ក្រុមហ៊ុន WW TOOLS LLC CO.,LTD” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងឧបករណ៍ជាងដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរស្នោ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបានចំនួន ៣៤០កន្លែង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236