ធនាគារជាតិដាក់ឱ្យប្រើ​ស្តង់ដា​កិច្ចសន្យាឥណទាន និង​ខចែង​ស្តង់ដា​កិច្ច​សន្យា​ឥណទាន
Posted by -
Phoung Somphors
Published on -
31/8/2023 12:31 AM

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានិងភាគី​ពាក់​ព័ន្ធ បាន រៀបចំស្តង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដានៃកិច្ចសន្យាឥណទាន​សម្រាប់ដាក់ឱ្យ​ប្រើប្រាស់នៅក្នុងគ្រឹះ​ស្ថាន​ធនា​គារ និង​ហិរញ្ញវត្ថុ។ ស្តង់ដានេះ នឹងរួមចំណែក​កិច្ចការពារអតិថិជនក៏ដូច​ជាបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

ស្តង់ដា​​កិច្ចសន្យា​ឥណទាន​ និង​ខចែង​ស្តង់ដា​​កិច្ចសន្យា​ឥណទានដែលភាគីពាក់ព័ន្ធបានប្រកាសនៅ​ថ្ងៃទី២៩ ខែសីហា ឆ្នាំ​២០២៣នេះធ្វើឡើងក្នុងគោលបំណងដើម្បី​បង្កើន​តម្លាភាព និងកិច្ចការពារអតិថិជន។ វិសាលភាព​​​​ស្តង់ដា​​កិច្ចសន្យា​ឥណទាន​ និង​ខចែង​ស្តង់ដា​​កិច្ចសន្យា​ឥណទាននេះអនុវត្ត​ចំពោះ​ ធនាគារពាណិជ្ជ ធនាគារ​ឯកទេសគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុមិន​ទទួល​ប្រាក់បញ្ញើ គ្រឹះស្ថាន​ឥណទាន​ជនបទនិងក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ។

បើតាមសេចក្តីប្រកាសព័ត៌មានស្តីពី«កម្ពុជាដាក់ឱ្យប្រើប្រាស់ស្តង់ដាកិច្ចសន្យាឥណទាននិងខចែងស្តង់ដាកិច្ចសន្យាឥណទាន ដើម្បីពង្រឹងការការពារអតិថិជននិងតម្លាភាពវិស័យធនាគារ និងហិរញ្ញវត្ថុ»ដែលធ្វើនៅប្រារព្វធ្វើនៅនៅ​មណ្ឌល​សិក្សាបច្ចេកទេស​ធនាគារ​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា ស្តង់ដា​កិច្ចសន្យា​រឥណទាននិងខចែង​ស្តង់ដា​កិច្ចសន្យា​ឥណទាននេះ នឹង​ត្រូវអនុវត្តតែ​ចំពោះ​ការផ្តល់​ឥណទានថ្មីឬ​អតិថិជន​ថ្មី ហើយ​នឹងមាន​ប្រសិទ្ធភាព​អនុវត្ត​ចាប់​ពីថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០២៣ នេះតទៅ។

ចំពោះ ទំហំប្រាក់កម្ចី/​ឥណទាន​ដែល​មាន​ទំហំតូចជាង ឬស្មើ៥០.០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាម៉េរិក) គ្រប់គ្រឹះស្ថានធនាគារ និង​ហិរញ្ញ​វត្ថុ​ទាំងអស់តម្រូវឱ្យប្រើទម្រង់ និងលក្ខខណ្ឌដូចគ្នា នៃស្តង់ដាកិច្ចសន្យាឥណទាន ដែលចេញដោយសមាគមធនាគារនៅកម្ពុជានិងសមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា។

ស្តង់ដា​កិច្ចសន្យា​ឥណទាន​ដែលប្រើទម្រង់និងលក្ខខណ្ឌដូចគ្នា ​ចែក​ចេញ​ជា​បួន​ប្រភេទរួមមាន៖ ១/.ស្តង់ដា​កិច្ចសន្យា​ខ្ចី​មាន​ទ្រព្យធានា ២. ស្តង់ដា​កិច្ចសន្យា​ខ្ចីគ្មាន​ទ្រព្យធានា៣/. កិច្ចព្រមព្រៀង​ភតិសន្យា​ហិរញ្ញវត្ថុ​ចលនវត្ថុ ៤/.ស្តង់ដា​កិច្ចសន្យា​ឥណទាន​ជាក្រុម។ ដោយឡែកចំពោះ​​​ឥណទាន​ធំជាង ៥០,០០០ដុល្លារ(ប្រាំម៉ឺនដុ​ល្លារ) ​ដល់ ១០០,០០០ដុល្លារ (ដប់ម៉ឺនដុល្លារ)គ្រប់​គ្រឹះស្ថាន​ធនាគារ​និងហិរញ្ញវត្ថុ​ទាំងអស់​ត្រូវដាក់​បញ្ចូល​ខចែង​ស្តង់ដា​​​កិច្ចសន្យា​ដែលចេញ​ដោយ​សមាគម​ធនាគារ​នៅកម្ពុជានិង​សមាគមមី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ទៅ​ក្នុង​កិច្ចសន្យាឥណទាន​​របស់ខ្លួន។ស្តង់ដា​នេះ​​មិនអនុវត្ត​ចំពោះ​​​ឥណទាន​​លើស​ពី ១០០,០០០ដុល្លារ(ដប់ម៉ឺន​ដុល្លារ) ឡើយ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236