ផលិតផលខ្មែរ ត្រូវបានដាក់លក់នៅតាមស្ថានីយ៍ប្រេងឥន្ធនៈ PTT ចំនួន១២ នៅក្នុងតារាជធានី-ខេត្តចំនួន១១
ភ្នំពេញ៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) បានសហការគ្នាអនុវត្តគម្រោងជំរុញការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្តីពី៖ «កិច្ចសហការជំរុញនិងបង្កើនការលក់ផលិតផលខ្មែរ» នៅតាមស្ថានីយ៍ប្រេងឥន្ធនៈភីធីធីតាមបណ្តារាជធានី-ខេត្ត។ ការអនុវត្តគម្រោងនេះដើម្បីលើកកម្ពស់ផលិតផលខ្មែរដែលជាផលិតផលលក្ខណៈគ្រួសារតូចៗ លើកកម្ពស់ទីផ្សារក្នុងស្រុកនិងផលប្រយោជន៍សហគមន៍។
បើតាមសចេក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២៤ខែសីហា ឆ្នាំ២០២៣នេះ គម្រោងខាងលើបានអនុវត្តដោយជោគជ័យក្នុងឆ្នាំ២០២២និងដំណាក់កាលទី២ ត្រីមាសទី១ និងទី២ រួចមកហើយ នៅរាជធានី-ខេត្តចំនួន១៦តាមបណ្តាស្ថានីយ៍ប្រេងឥន្ធនៈភីធីធីចំនួន១៩។ ហេតុដូច្នេះ ក្រសួងពាណិជ្ជកម្មនិងក្រុមហ៊ុន ភីធីធី (ខេមបូឌា)នឹងបន្តសហការគ្នាអនុវត្តគម្រោងដដែលនៅរៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យខែកញ្ញា ឆ្នាំ២០២៣ខាងមុខ ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ១៧៖០០រសៀលក្នុងរាជធានី-ខេត្តចំនួន១១ តាមបណ្តាស្ថានីយ៍ប្រេងឥន្ធនៈភីធីធីចំនួន១២ បន្តទៀត។
សម្រាប់ ស្ថានីយ៍ប្រេងឥន្ធនៈភីធីធី (ខេមបូឌា)ដែលត្រូវបានដាក់តាំងបង្ហាញមានដូចជា៖ ស្ថានីយ៍ព្រៃកី រាជធានីភ្នំពេញ, ស្ថានីយ៍អូរចារ ខេត្តបាត់ដំបង, ស្ថានីយ៍ជ្រៃកីរាជធានីភ្នំពេញ, ស្ថានីយ៍ផ្តៅជុំទី២ (ស្គន់) ខេត្តកំពង់ចាម,ស្ថានីយ៍ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់, ស្ថានីយ៍ឧដ្តុង្គនិងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង, ស្ថានីយ៍បន្ទាយមានជ័យខេត្តបន្ទាយមានជ័យ, ស្ថានីយ៍ក្រុងស្វាយរៀង ខេត្តស្វាយរៀង,ស្ថានីយ៍ស្វាយអន្ទរ ខេត្តព្រៃវែង, ស្ថានីយ៍ក្រុងក្រចេះខេត្តក្រចេះ, ស្ថានីយ៍ឃ្លាំងលើ ខេត្តព្រះសីហនុ និងស្ថានីយ៍ក្រុងស្ទឹងត្រែងជិតរង្វង់មូលថ្មីខេត្តស្ទឹងត្រែង ដោយនឹងត្រូវដាក់តាំងលក់ផលិតផលខ្មែររួមមាន អាហារសម្រន់ បង្អែមផ្លែឈើតាមរដូវកាល វត្ថុអនុស្សាវរីយ៍ សម្ភារៈធ្វើដោយដៃ និងបន្លែ ត្រី សាច់។
ចំពោះប្រជាពលរដ្ឋប្រកបរបរជាលក្ខណៈគ្រួសារតូចមិនទាន់មានកន្លែងលក់ដូរ ប្រសិនជាចង់លក់ដូរនៅទីតាំងដែលត្រូវអនុវត្តខាងលើសូមទាក់ទងមកក្រុមការងារក្រសួងពាណិជ្ជកម្មតាមលេខទូរសព្ទ៖ ០១២ ៨៥១ ២៣៩ / ០៩៩ ៩៥៤ ៥៦៥/ ០៨៩ ៣៦០ ៣៣៣ឬអាចធ្វើការទាក់ទងទៅមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តគោលដៅខាងលើបានផងដែរ៕