វិស័យអាទិភាព ៤ ត្រូវបានសាលាក្រុងភ្នំពេញ ដាក់ឱ្យអនុវត្តន៍ទម្រង់ផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យអនុវត្តន៍សាកល្បងការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ(Online)លើវិស័យអាទិភាពចំនួន ៤ ដើម្បីផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋឱ្យបានកាន់តែឆាប់ រហ័យជាងមុន សន្សំសំចៃកម្រៃ និងចំណេញពេលវេលា។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។
បើតាមសាលារាជធានីភ្នំពេញ ការដាក់ឱ្យដំណើរការសាកល្បងនូវប្រព័ន្ធផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនេះដើម្បីវិវឌ្ឈន៍ទៅតាមយុគ្គសម័យឌិជីថល និងសម្រចបាននូវសេវាសាធារណៈ ឱ្យបានកាន់តែឆាប់ រហ័យជាងមុនសន្សំសំចៃកម្រៃ និងពេលវេលាធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងការមកដាក់ពាក្យស្នើសុំនៅសាលារាជធានីភ្នំពេញ។ចំពោះ សេវាកម្មអាទិភាពទាំង៤ ដែលសាលារាជធានីភ្នំពេញ បានដាក់ឱ្យអនុវត្តន៍តាមប្រព័ន្ធអនឡាញនេះមានដូចជា៖ វិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, វិស័យវប្បធម៌និងវិចិត្រសិល្បៈនិងវិស័យទេសចរណ៍ផងដែរ។
ដើម្បីអាចដាក់ពាក្យស្នើសុំសេវារដ្ឋបាលតាមអនឡាញនេះបានលោកអ្នកអាចចូលទៅតាមគេហទំព័រ៖ http://online.owso.gov.kh/ ដើម្បីបង្កើតគណនី សម្រាប់ស្នើសុំសេវារដ្ឋបាលចំពោះវិស័យធំៗទាំង៤ ខាងលើដោយភ្ជាប់មកជាមួយឯកសារពាក់ព័ន្ធ តាមការណែនាំក្នុងជំហាននីមួយៗរបស់អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ។ទន្ទឹងនឹងនេះ លោកអ្នក ក៏នៅតែអាចមកអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញដើម្បីស្នើសុំសេវាដោយផ្ទាល់បានផងដែរ៕