វេទិកា«ផ្គូផ្គងអ្នកផលិត-អ្នកទិញ និងការតាំងផលិតផលក្នុងស្រុក» លើកកម្ពស់កម្រិតជីវភាពសហគមន៍
Posted by -
Phoung Somphors
Published on -
8/9/2023 11:45 PM

ភ្នំពេញ៖ វេទិកា«ផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញនិងការតាំងបង្ហាញផលិតផលក្នុងស្រុក» រៀបចំធ្វើនៅផ្សារទំនើបបឺកស៊ី ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី៨-១០ ខែកញ្ញា ឆ្នាំ២០២៣នេះ។វេទិកានេះ បង្កើតឱកាសទីផ្សារសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមនិងអ្នកផលិតក្នុងស្រុក ដើម្បីជួបអ្នកទិញសក្តានុពលនិងចូលរួមក្នុងការពិភាក្សាប្រកបដោយផ្លែផ្កាលើលក្ខខណ្ឌផ្គត់ផ្គង់និងតម្រូវការផ្សេងៗ ដែលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកប្រកបដោយបរិយាប័ន្ននិងនិរន្តរភាព។

វេទិកា«ផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញនិងការតាំងបង្ហាញផលិតផលក្នុងស្រុក» ត្រូវបានរៀបចំដោយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយសហគ្រិនខ្មែរ និងអង្គការអុកស្វាម ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យនិងផ្សារទំនើបបឺកស៊ី ដែលស្ថិតក្រោមគម្រោង៖«ការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុកនិងសហគ្រាសធុនមីក្រូ តូច និងមធ្យម (ភូមិ១ផលិតផល១)»។

ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរង គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា វេទិកាជំនួបរវាងអ្នកផលិត និងអ្នកទិញនេះរួមចំណែកកាត់បន្ថយគម្លាតរវាងអ្នកផលិតក្នុងស្រុកនិងអ្នកទិញសក្តានុពលប្រកបដោយប្រសិទ្ធភាពនិងសុចរិតភាព។ តាមរយៈការបង្កើតយន្តការតភ្ជាប់បណ្តាញប្រទាក់ក្រឡាគ្នាពីអ្នកផ្គត់ផ្គង់វត្ថុធាតុដើមអ្នកកែច្នៃវេច ខ្ចប់ អ្នកប្រមូលផ្ដុំផលិតផល (ពីកសិដ្ឋានរហូតដល់តុបាយពីសិប្បកររហូតដល់អ្នកប្រើប្រាស់) និងជំរុញឱកាសពាណិជ្ជកម្មដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃខេត្តបន្ទាយមានជ័យ និងប្រទេសកម្ពុជាទាំងមូល ព្រមទាំងបង្កើនកម្រិតជីវភាពរបស់សហគមន៍ផងដែរ។

ចំពោះ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌនាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា សន្ទុះនៃការគាំទ្រនិងការយល់ដឹងពីផលិតផលក្នុងស្រុកបច្ចុប្បន្ន មានការរីកចម្រើនគួរឱ្យកត់សំគាល់ប៉ុន្តែ គួរមានការផ្សព្វផ្សាយ និងស្វែងរកទីផ្សារបន្ថែម។ ការណ៍នេះហើយដែលសហគ្រិនខ្មែរសហការជាមួយគណៈកម្មាធិការជាតិ ចលនាភូមិមួយផលិតផលមួយក្នុងការបង្កើតវេទិកាផ្គូផ្គងរវាងអ្នកផលិតក្នុងស្រុក និងអ្នកទិញនេះឡើងដើម្បីបង្កើនការលក់ ក៏ដូចជាផ្សព្វផ្សាយផលិតផលក្នុងស្រុក។

ចំណែក លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បង្ហាញពីមោទកភាពក្នុងភាពជាដៃគូសហការជាមួយនឹងរាជរដ្ឋាភិបាលក្នុងការគាំទ្រឱ្យមានវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញក្នុងស្រុក ដែល បង្កើនឱកាសដល់អ្នកផលិតក្នុងស្រុកនិងសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ក្នុងការទទួលបានទីផ្សារបង្កើនប្រាក់ចំណូល និងរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយបរិយាប័ន្នស្របពេលដែលកំណើននេះនឹងជួយរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៅប្រទេសកម្ពុជា។

វេទិកា«ផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញនិងការតាំងបង្ហាញផលិតផលក្នុងស្រុក» ដែលរៀបចំធ្វើនៅផ្សារទំនើបបឺកស៊ី ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី៨-១០ ខែកញ្ញា ឆ្នាំ២០២៣នេះមានអ្នកចូលរួមដោយផ្ទាល់ប្រមាណ ២០០នាក់ រួមមានថ្នាក់ដឹកនាំនិងតំណាងមកពីមន្ទីរពាក់ព័ន្ធ សមាគមធុរកិច្ច សហគ្រាសខ្នាតតូច និងមធ្យម សហករណ៍កសិកម្ម ស្ថាប័នហិរញ្ញវត្ថុ អង្គការសង្គមស៊ីវិល និងក្រុមយុវជនផងដែរ។

គម្រោងនេះ ត្រូវបានផ្តួចផ្តើមដោយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយនិងអង្គការអុកស្វាម តាំងពីឆ្នាំ២០២២។ ក្នុងឆ្នាំ២០២៣នេះគម្រោងទទួលបានដៃគូសហការថ្មី គឺសហគ្រិនខ្មែរ ដើម្បីសហការគាំទ្រនិងពង្រឹងលទ្ធភាពទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុកនិងពង្រីកការគាំទ្រនេះទៅកាន់បណ្តាខេត្ត-ក្រុង ផ្សេងៗទៀត។ នៅឆ្នាំ២០២៣ដដែល គម្រោងនឹងរៀបចំវេទិកានេះនៅក្នុង១៥ខេត្ត-ក្រុងដែលរួមមាន៖ សៀមរាប កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម ឧត្តរមានជ័យ កណ្តាលកំពត កោះកុង ពោធិ៍សាត់ កំពង់ធំ ត្បូងឃ្មុំ ស្ទឹងត្រែង កំពង់ស្ពឺ និងស្វាយរៀង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236