បណ្តុំនៃបញ្ញវន្តឌីជីថល នឹងជួយជំរុញការរីកចម្រើននៃវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា
Posted by -
Phoung Somphors
Published on -
20/9/2023 10:25 PM

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានលើកពីសក្តានុពលនិងពង្រីកទំនាក់ទំនងរវាងអ្នកអភិវឌ្ឍន៍សុសវែរ និងបច្ចេកវិទ្យាឌីជីថលដើម្បីលើកកម្ពស់កិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធជំរុញការរីកចម្រើន នៃវិស័យឌីជីថលនៅកម្ពុជា។ការជំរុញវិស័យឌីជីថលនៅកម្ពុជាឱ្យកាន់តែខ្លាំងនេះ ស្ថិតនៅក្នុងបញ្ចកោណទី៥ នៃ«យុទ្ធសាស្រ្តបញ្ចកោណ»ដំណាក់កាលទី១។

ឯកឧត្តម ជា វ៉ាន់ដេតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ក្នុងពិធីបើកសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរនិងពិព័រណ៍បច្ចេកវិទ្យា ២០២៣ ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ(AUPP) ថា យើងទាំងអស់គ្នាមានតួនាទីក្នុងការប្រើប្រាស់ជំនាញរបស់យើងដើម្បីរួមចំណែកក្នុងការសម្រេចបាននូវការងារអាទិភាពរបស់កម្ពុជាដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណទី៥ នៃ«យុទ្ធសាស្រ្តបញ្ចកោណ»ដំណាក់កាលទី១ដែលរាជរដ្ឋាភិបាល បានដាក់ចេញដោយផ្តល់អាទិភាពលើការធ្វើបរិវត្តកម្ម និងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីប្រៃសណីយ៍ បានឱ្យដឹងដែរថា ក្រសួងបានដាក់ចេញការងារអាទិភាពជាច្រើនដែលរួមមាន៖ ការអភិវឌ្ឍធនធានមនុស្ស, ការលើកកម្ពស់ចំណេះដឹងឌីជីថល,ការជំរុញការចាប់យកឌីជីថល, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថលនិងការពង្រឹងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរឡើងដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់ ព្រមទាំងការកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗលើការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។

ឯកឧត្តម ជា វ៉ាន់ដេត បញ្ចាក់ថានៅប៉ុន្មានខែខាងមុខនេះក្រសួងនឹងដាក់ឱ្យអនុវត្តផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជាដែលជាផែនការឆ្ពោះទៅមុខ សម្រាប់លើកកម្ពស់ជំនាញឌីជីថលកម្រិតខ្ពស់និងជាមូលដ្ឋានគ្រឹះសម្រាប់កសាងសេដ្ឋកិច្ច និងសង្គមឌីជីថល។

សូមជម្រាបផងដែរថា៖ កម្មវិធីសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរនិងពិព័រណ៍បច្ចេកវិទ្យា ២០២៣ (CODE-C: Developer Conference and Tech​ Expo 2023) ជាវេទិកាប្រមូលផ្តុំអ្នកសរសេរកូដអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យា អ្នកដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យា និងបញ្ញវន្តឌីជីថលព្រមទាំងសិស្សនិស្សិត ក្នុងគោលបំណងបង្ហាញពីសក្តានុពលនិងពង្រីកទំនាក់ទំនងរវាងអ្នកអភិវឌ្ឍន៍សុសវែរ និងបច្ចេកវិទ្យាឌីជីថលដើម្បីលើកកម្ពស់កិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធន៍ជំរុញការរីកចម្រើននៃវិស័យឌីជីថលនៅកម្ពុជា៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236