ក្រសួងយុត្តិធម៌ បញ្ជាឲ្យអនុវត្តច្បាប់លើសំណុំរឿងឆបោកចេញសែកក្លែងក្លាយជាង ២៣ម៉ឺនដុល្លារ ដល់ម្ចាស់បំណុល០៣រូប
Posted by -
Phoung Somphors
Published on -
20/9/2023 10:25 PM

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានបញ្ជាឲ្យព្រះរាជអាជ្ញាអមអយ្យការដំបូងរាជធានីភ្នំពេញចាត់វិធានការជាបន្ទាន់ចំពោះជនសង្ស័យឈ្មោះ ខូវ ស៊ីមយូ ហៅ ចន្ទរះ ក្នុងករណីពាក់ព័ន្ធនិងករណីឆបោកនិងករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ដោយបានចេញជាសែកក្លែងក្លាយដល់បុគ្គល។

ចំណាត់ការបន្ទាន់នេះ ធ្វើឡើងតាមពាក្យបណ្ដឹងរបស់ជនងគ្រោះចំនួន៣នាក់ដើម្បីអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ទៅលើសំណុំរឿងព្រហ្មទណ្ឌ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនឹងករណីឆបោកមូលប្បទានបត្រ(សែកប្រាក់) ដែលមានទឹកប្រាក់សរុបប្រមាណ ២៣៣៩១៥ដុល្លារ ទៅលើម្ចាស់បំណុលទាំង០៣រូប បន្ទាប់ពីពិនិត្យឃើញអង្គហេតុនៃបទល្មើសដែលមានជនសង្ស័យឈ្មោះ ខូវ ស៊ីមយូ។

បើតាមលិខិតបញ្ជាក់របស់ក្រសួងយុត្តិធម៌ ដែលបានដាក់ទៅឯកឧត្តមច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមអយ្យការដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០២៣នេះ ជនសង្ស័យខាងលើដែលមានឈ្មោះ ខូវ ស៊ីមយូ បានចេញសែកប្រាក់ចំនួន៣ផ្សេងៗគ្នាដើម្បីទូទាត់សងប្រាក់ទៅម្ចាស់បំណុលទាំង ០៣រូប ដែលមានឈ្មោះ ឈាង សុចិន្តា, យូ ប៉ូលីននិង ញិល សុភា។ ជនសង្ស័យបានចេញជាសែកក្លែងក្លាយនោះ ក្នុងខែមេសា និងខែសីហាឆ្នាំ២០២៣នេះ ដែលមានទំហំទឹកប្រាក់សរុបប្រមាណ ២៣៣ ៩១៥ដុល្លារ។  

ពាក្យបណ្តឹងរបស់ជនគ្រោះទាំង៣រូបនោះ ធ្វើឡើងបន្ទាប់ពីទទួលបានសែកប្រាក់ពីកូនបំណុលខាងលើរួចហើយម្ចាស់បំណុលទាំង០៣រូប បានយកសែកនោះទៅបើកប្រាក់នៅធនាគារ ប៉ុន្តែ សែកប្រាក់នោះមិនមានសាច់ប្រាក់នៅក្នុងគណនីនោះទេ។ក្នុងសំណុំរឿងក្តីនេះ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ដូច្នេះថា៖«ចំពោះករណីរឿងតុងទីននេះក្រោយពីបានពិនិត្យយ៉ាងយកចិត្តទុកដាក់ ក្រសួងយុត្តិធម៌ ពិនិត្យឃើញថាមានអង្គហេតុនៃបទល្មើសនិងបានចេញអធិបញ្ជាឱ្យព្រះរាជអាជ្ញាអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់លើសំណុំរឿងនេះ»៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236