កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករបានជាង ១ពាន់លានដុល្លារ ក្នុងរយៈពេល ៨ខែនៃឆ្នាំ២០២៣
Posted by -
Phoung Somphors
Published on -
9/9/2023 10:57 PM

ភ្នំពេញ៖ ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញអង្ករតាមរយៈក្រុមហ៊ុនចំនួន ៥៥ក្រុមហ៊ុន បានអង្ករប្រមាណ ៤០១ ៦៩៩តោន និងស្រូវបានប្រមាណ ២ ៩២៩ ០៤៣តោន គិតជាទឹកប្រាក់សរុបបានប្រមាណ ១០៩២,៨២លានដុល្លារ។ នេះបើតាមរបាយការណ៍នាំចេញស្រូវនិងអង្ករសម្រាប់រយៈពេល៨ខែដំបូង ក្នុងឆ្នាំ២០២៣ របស់សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣។

បើតាមរបាយការណ៍ដដែរ បានឲ្យដឹងថាការនាំចេញអង្ករទៅកាន់គោលដៅចំនួន៥៦ គិតជាទឹកប្រាក់បានចំនួន ២៧៨,៦៥លានដុល្លារ។ ក្នុងនោះការនាំចេញអង្ករទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបចំនួន២៦ប្រទេស បានអង្ករចំនួន ១៦៤ ៦៨២តោន គិតជាទឹកប្រាក់ប្រមាណ ១១៣,៧៣លានដុល្លារ។ ប្រទេសអាស៊ានចំនួន៥ នាំចេញអង្ករបានចំនួន ៣៦ ៦៩២តោនគិតជាទឹកប្រាក់ប្រមាណ ២៣,៦៤លានដុល្លារ។និងទីផ្សារផ្សេងៗចំនួន ២២ប្រទេសផ្សេងៗទៀតនាំចេញអង្ករបានចំនួន ៥៦ ៥០៧តោនគិតជាទឹកប្រាក់ប្រមាណ ៤៩,៥៨លានដុល្លារ។ ចំណែកប្រទេសចិននិងតំបន់រដ្ឋបាលស្វយ័ត នាំចេញអង្ករសរុបបានចំនួន ១៤៣ ៨១៨តោនគិតជាទឹកប្រាក់បានប្រមាណ ៩១,៦៤លានដុល្លារ។

លើសពីនេះ កម្ពុជាក៏បាននាំចេញអង្ករក្រអូបគ្រប់ប្រភេទបានចំនួន ៨១,៩៣% អង្ករសគ្រាប់វែងបានចំនួន ១២,៩៩% អង្ករសគ្រាប់ខ្លីបានចំនួន ០,០២% អង្ករចំហ៊ុយបានចំនួន ៣,៣៣%អង្ករសរីរាង្គបានចំនួន ១,៧៣% និងបាននាំចេញទៅកាន់ប្រទេសជិតខាងបានចំនួន ២ ៩២៩ ០៤៣តោន គិតជាទឹកប្រាក់ប្រមាណ ៨១៤,១៧លានដុល្លារ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236