កម្ពុជា-កូរ៉េជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ
Posted by -
Phoung Somphors
Published on -
20/9/2023 10:25 PM

ភ្នំពេញ៖ កម្ពុជា-សាធារណរដ្ឋកូរ៉េ ជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ជាមួយគ្នាបន្ថែមទៀត ខណៈដែលភាគីទាំង គាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌអាស៊ាននិងតំបន់មេគង្គ និងការអភិវឌ្ឍនាពេលអនាគតនៃប្រទេសទាំងពីរ។ 

នាវិមានសន្តិភាព ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តមគីម ជីន ព្យូ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ភាគីទាំងពីរបានបន្តពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមចំពោះវិស័យយោធា សេដ្ឋកិច្ច និងការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជនផងដែរ។

ចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើលើកកម្ពស់កម្រិតនៃទំនាក់ទំនងរវាងកម្ពុជា-កូរ៉េឱ្យក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបានស្នើដល់សាធារណរដ្ឋកូរ៉េ ពង្រីកបន្ថែមនូវទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរក្នុងដំណើរទស្សនកិច្ចរបស់កងនាវា នៃកងទ័ពជើងទឹកកូរ៉េមកកាន់កម្ពុជាជាដើម។

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានឯកភាពនឹងឯកឧត្តមគីម ជីន ព្យូ ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងក្នុងក្របខ័ណ្ឌពហុភាគីដទៃទៀតដើម្បីជំរុញពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ សម្តេចធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់ផងដែរអំពីការស្នើភាគីកូរ៉េ ឱ្យបន្តផ្តល់ការគាំពារនិងពិចារណាបង្កើនកូតាដល់ពលករកម្ពុជានៅប្រទេសកូរ៉េ ព្រមទាំងបន្តជួយកម្ពុជាក្នុងវិស័យវិស្វកម្ម កសិកម្ម និងបច្ចេកវិទ្យាទំនើបៗ, ការវិនិយោគលើសេដ្ឋកិច្ចបៃតងនិងការបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។

ក្នុងជំនួបភាគីនេះ រដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក៏បានឯកភាពគ្នាក្នុងការពង្រីកការផ្សារភ្ជាប់រវាងប្រជាជននិងប្រជាជន ដោយកម្ពុជា បន្តបង្ហាញជំហរគាំទ្របេក្ខភាពសាធារណរដ្ឋកូរ៉េក្នុងការធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពិភពលោក នៅទីក្រុងប៊ូសាន ឆ្នាំ២០៣០ ផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236